ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយក ដ្ឋានអប់រំកាយ និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ កម្រិតបឋមឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។
លោក ហេង សុឃន អគ្គលេខាធិការ សហព័ន្ធកីឡាគុនខ្មែរ បានឲ្យដឹងថាៈ សិក្ខាកាម មានចំនួន ៣៦ រូប ដែលមាន ២ រូប ជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។ នេះជាវគ្គបឋម ដែលការសិក្សា ផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះ បានទទួលវិញ្ញាបនប័ត្រ មានតម្លៃសម្រាប់ការចូលរួម បំពេញការងារ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថាៈ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ថែម ទៀត និងផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរ ដែលឈប់ការប្រកួត ចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ត ព្រមទាំងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ឆ្នាំ២០២២ នាពេលខាងមុខ ។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានបន្តថាៈ វគ្គនេះ គឺចំណាយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសិក្ខាកាម ដែលភាគច្រើន ជាគរុសិស្សមកពីវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា មន្ទីរអប់រំកាយ និងកីឡា និងអតីត្តកីឡាករប្រដាល់គុនខ្មែរ ជាអ្នកមាន ចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះ ពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់។ សិក្ខាកាមទាំងអស់ មានចំណេះដឹង និងមានកាយសម្បទាល្អ គឺសហព័ន្ធ មិនយកអ្នកមាន កម្ពស់មិនគ្រប់គ្រាន់នោះទេ ។
លោកបានបន្តថាៈ សិក្ខាកាម ជាអាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឆន្ទៈ ក្នុងការបំពេញ ការងារ នៅលើសង្វៀនប្រកួតដាច់ខាត មិនមែនរៀនចប់ ហើយប៉ុន្មានខែ ក្រោយមក បែរជាទទួលពិន័យរបស់សហព័ន្ធ ដោយការកាត់ក្តី មិនត្រូវត្រឹមនោះឡើយ ។ សម្រាប់ ការបំពេញការងារ តាមស្ថានីយ៍ មិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀត អាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀន វគ្គអាជ្ញាកណ្ដាល ចៅក្រម មិនមក រៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រម មិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ៍ ឬឈប់រហូតតែម្តង ៕ V / N