ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសបានលើកឡើងកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសអាចផ្គត់ផ្គង់រថក្រោះជំនួស ប្រសិនបើរថក្រោះដែលបានបញ្ជូនទៅអ៊ុយក្រែនត្រូវបានបំផ្លាញនៅក្នុងសមរភូមិ។

រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿងនឹងត្រូវបញ្ជូនទៅតំបន់សង្រ្គាមដើម្បីចូលរួមក្នុងការវាយលុកនានិទាឃរដូវប្រឆាំងនឹងទាហានរុស្ស៊ី។

រថក្រោះទាំងនេះនឹងចូលទៅកាន់ទីតាំងរបស់វានៅសមរភូមិជួរមុខនៅខែក្រោយ ហើយនឹងត្រូវបានចូលរួមដោយរថក្រោះរាប់រយគ្រឿងមកពីសម្ពន្ធមិត្តណាតូ។

កងទ័ពអ៊ុយក្រែនបច្ចុប្បន្នកំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអង់គ្លេសដើម្បីធ្វើប្រតិបត្តិការនិងធ្វើការជួសជុលសំខាន់ៗដល់រថក្រោះ Challenger 2។

ប៉ុន្តែ​ប្រសិនបើរថក្រោះណាមួយត្រូវបាន​រុស្ស៊ី​​បំផ្លាញ ចក្រភព​អង់គ្លេស​នឹង​ផ្តល់រថក្រោះថ្មី​ជំនួស។

ក្នុងដំណើរចុះទៅមើលជំរំបូវីងតុន (Bovington) ក្នុងខេត្តដ័រសេត (Dorset) កន្លែងដែលទាហានអ៊ុយក្រែនកំពុងទទួលការណែនាំ លោក បិន វ៉លឡេស (Ben Wallace) បាននិយាយថា “តើខ្ញុំបើកចំហរក្នុងការបញ្ជូនរថក្រោះបន្ថែមទៀតទៅកាន់អ៊ុយក្រែនទេ? ពិតណាស់ ព្រោះពាក្យគន្លឹះគឺនិរន្តរភាព”។

“យើងក៏នឹងផ្តល់រថយន្តសង្គ្រោះនិងគ្រឿងបន្លាស់ផងដែរ។ នៅពេលបន្ថែមទៅលើរថក្រោះ Leopard របស់អាល្លឺម៉ង់ រថក្រោះ Challenger នឹងបង្កើតឥទ្ធិពលយ៉ាងខ្លាំង”។

“យើងនឹងបន្តផ្តល់នូវសមត្ថភាពដែលត្រូវការដើម្បីគាំទ្រអ៊ុយក្រែនដរាបណាដែលពួកគេត្រូវការ”។

លោក​បាន​បន្ថែម​ថា “​សុន្ទរកថា​ថ្នាក់ជាតិ​របស់​លោក​ប្រធានាធិបតី​ពូទីន​កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា​តើ​រុស្ស៊ី​មាន​គ្រោះថ្នាក់​ដល់​កម្រិត​ណាចំពោះសន្តិសុខរបស់យើង។ វាជាការបំផុសគំនិតយ៉ាងខ្លាំងក្នុងការឃើញទាហានអ៊ុយក្រែនកំពុងហ្វឹកហាត់ប្រើរថក្រោះអង់គ្លេស”។

“ការតស៊ូនិងការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីជោគជ័យសម្រាប់ការរំដោះប្រទេសរបស់ពួកគេ កំពុងផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់ប្រទេសរុស្ស៊ី”៕

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោកបិន វ៉លឡេសចុះមើលទាហានអ៊ុយក្រែនហាត់ប្រើរថក្រោះ Challenger នៅជំរំបូវីងតុន