ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ តុលាការកំពូលបានប្រកាស សាលដីកាសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺលើបណ្តឹងរបស់គណបក្ស ប្រជា ជនកម្ពុជា សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកសុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល និងបង្គាប់ឱ្យសងសំណងជំងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល។ ចំណែកបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិន័យ ៩លានរៀល បង់ចូលថវិកាជាតិ។ ប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបើកសវនាការកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់មូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈដោយបានចោទប្រកាន់ស្ថាប័ន គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត។ ដោយក្នុងនោះលើសំណុំរឿងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា គឺតុលាការបានផ្តន្ទាទោសលោកសុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល និងបង្គាប់ឲ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល។ ចំណែកសំណុំរឿងបណ្តឹងរបស់ គ.ជ.ប បានពិន័យ ៩លានរៀល បង់ចូលថវិកាជាតិ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាស សាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ បង្គាប់ឲ្យឈ្មោះ សុន ឆ័យ សងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល។ ចំណែកនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩លានរៀល បង់ចូលថវិកាជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ លើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
ការប្រកាសសាលក្រមនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២៕សរន/r