ដោយ:សុផល/ភ្នំពេញ៖ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូ ចុះពិនិត្យ​បច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវ​ជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាព​ពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

នៅក្នុងដំណើរបេសកកម្មកាលពីរសៀលថ្ងៃទី២២ខែកុម្ភៈនេះលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃ​ខេត្ត​បាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្ត​រហូត​ដល់ខេត្តកោះកុង។គិតមកទល់បច្ចុប្បន្ន គម្រោងការងារ​សម្រេច​ការសាងសង់បានជាង ៥៦ភាគរយហើយ។

ក្នុងដំណើរបំពេញបេសកកម្មនាឱកាសនេះ ក្រសួងក៏បានធ្វើ​តេស្ត​គុណភាពកម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយ​ចំនួនហើយ​ឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជា​យ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបាន​ថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់​បានយូរអង្វែង។

ក្នុងឱកាសនេះដែរលោកទេសរដ្ឋមន្ត្រី បានធ្វើការដាស់តឿន​ជាថ្មីម្តងទៀតដល់អ្នកបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅ​លើផ្លូវល្បឿនលឿន ឬផ្លូវធម្មតាឡើយ ព្រោះវាជាការបំពាន​ច្បាប់ចរាចរណ៍ និងជាពិសេសគឺជាទង្វើដែលប្រមាទអាយុជីវិតខ្លួន និងអ្នកដទៃជាខ្លាំង។លោកទេសរដ្ឋមន្រ្តី បានសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា។

គួររម្លឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង​សរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេស​កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវ​សរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕សរន/r