ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បានថ្កោលទោសការឈ្លានពានជិតមួយឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែនថាជា “ការប្រមាថ” ចំពោះមនសិការរួមរបស់ពិភពលោកនៅក្នុងកិច្ចប្រជុំនៃមហាសន្និបាត។

កិច្ចប្រជុំគឺពិភាក្សាគ្នាអំពីញត្តិគាំទ្រដោយអ៊ុយក្រែននិងសម្ពន្ធមិត្តរបស់ខ្លួន ដែលទាមទារឱ្យរុស្ស៊ីដកចេញជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។

អ៊ុយក្រែនសង្ឃឹមថា តាមរយៈការគាំទ្រញត្តិនេះ បណ្តាប្រទេសទាំងឡាយនឹងបង្ហាញសាមគ្គីភាព។

វិមានក្រឹមឡាំងបានចោទប្រកាន់លោកខាងលិចថាចង់កម្ចាត់រុស្ស៊ីទោះក្នុងតម្លៃណាក៏ដោយ។

លោក វ៉ាស៊ីលី ណេបិនហ្សា (Vasily Nebenzya) ឯកអគ្គរដ្ឋទូតរបស់វិមានក្រឹមឡាំងប្រចាំអ.ស.ប បាននិយាយថា សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តបានត្រៀមខ្លួន ដើម្បីទាញពិភពលោកទាំងមូលចូលទៅក្នុងសង្រ្គាម។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានដល់ទៅ ២០០.០០០នាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងការឈ្លានពាននៅអឺរ៉ុបធំបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក។

យោងតាមការប៉ាន់ប្រមាណរបស់អ.ស.ប បានឱ្យដឹងថា សង្រ្គាមដ៏សាហាវនេះបានបណ្តាលឱ្យជនស៊ីវិលយ៉ាងតិច ៧.១៩៩ នាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស ខណៈទាំងរុស្ស៊ីនិងអ៊ុយក្រែនមានទាហានស្លាប់ឬរបួសយ៉ាងហោចណាស់១០ម៉ឺននាក់រៀងៗខ្លួន នេះផ្អែកតាមយោធាអាម៉េរិក។

មនុស្សជាង ១៣ លាននាក់បានក្លាយជាជនភៀសខ្លួននៅបរទេសឬផ្លាស់ទីលំនៅនៅក្នុងប្រទេសអ៊ុយក្រែន។

ការអះអាងរបស់លោកពូទីនថាប្រតិបត្តិការរបស់គាត់គឺចាំបាច់ដើម្បី “រំសាយកងទ័ពនិងលុបបំបាត់ពួកណាស៊ី” ចេញពីអ៊ុយក្រែន ដែលជាប្រទេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី ត្រូវបានអ៊ុយក្រែននិងសម្ពន្ធមិត្តច្រានចោលថាជាហេតុផលសម្រាប់ការវាយប្រហារដែលមិនបង្កហេតុ។

លោកគូថេរ៉េសបានប្រាប់មហាសន្និបាតថា “ការឈ្លានពាននោះគឺជាការប្រមាថចំពោះមនសិការរួមរបស់យើង។ វា​ជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ”។

លោកបាន​និយាយថា ផលវិបាកដែលអាចកើតមាននៃ “ជម្លោះកំពុងកើនឡើងនេះ” គឺ “មើលឃើញច្បាស់ក្រឡែតនិងតំណាងឱ្យគ្រោះថ្នាក់”។

លោកគូថេរ៉េសបាននិយាយថា សង្រ្គាមកំពុងជំរុញអស្ថិរភាពក្នុងតំបន់ និងជំរុញឱ្យមានភាពតានតឹងនិងការបែកបាក់ជាសកល ខណៈបង្វែរការយកចិត្តទុកដាក់ និងធនធានចេញពីវិបត្តិផ្សេងៗ និងបញ្ហាសកលសំខាន់ៗដទៃទៀត។

លោក​បាន​និយាយ​ថា “មាន​ការ​គំរាម​កំហែង​ដោយ​ចេតនា​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ”។

លោក​បាន​បន្ត​ថា “​វា​ជា​ពេល​វេលា​សំខាន់ណាស់ត្រូវដកឃ្លាចេញ​ពី​មាត់​ជ្រោះនុយក្លេអ៊ែរ”៕

ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស