ដោយៈ សុផល / ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថាៈ កម្ពុជាចង់រៀបចំឲ្យមាន ការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញ រួមគ្នា នៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ មុនព្រឹត្តិការណ៍ស៊ីហ្គេម មកដល់។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើង នៅពេលជួបទ្វេភាគី ជាមួយលោក ស៊ិន តានយ៉ាង (Shen Danyang) អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ លោក ថោង ខុន បានឆ្លៀតប្រាប់គណៈប្រតិភូចិន ពីដំណឹងដែលកម្ពុជា បានដាក់ក្បាច់គុនល្បុកត្តោ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលត្រូវបានអង្គការ យូណេស្កូ ទទួលស្គាល់ កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២២ កន្លងមកនេះ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរ ទៅភាគីចិន ឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែង ជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោ ផងដែរ។
លោក ថោង ខុន បានបញ្ជាក់ថា៖ នាឱកាសខួបទី៦៥ នៃចំណងការទូតនៃប្រទេសទាំងពីរ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ និង CAMSOC កំពុងគិតគូររៀបចំការងារមួយចំនួន ដោយមានការពិភាក្សាគ្នា រវាងថ្នាក់អគ្គនាយកអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួចហើយ នាអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅប្រទេសចិន ថ្មីៗនេះ ដូចជា ការសម្ដែងសិល្បៈរួមគ្នា ជាក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៊ីហ្គេម ។
បើតាមលោករដ្ឋមន្ត្រី លោកក៏ចង់ឲ្យមានការរៀបចំ នូវការប្រយុទ្ធគ្នា ៤-៥ គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរ ទៀតផង។ ជាមួយគ្នានេះ លោកបានអញ្ជើញគណៈប្រតិភូ ខេត្តហៃណាន មកចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ V / N