ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីនគរបាលជំនាញ បានប្រាប់ម្ចាស់អាជីវកម្ម នៅខេត្តបន្ទាយមានជ័យ ពីការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេស។

មន្ត្រីនគរបាលជំនាញ បានប្រាប់សារព៍ត៌មាន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថាៈ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនអន្តោប្រវេសន៍ តំណាងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី នគរបាលក្រោមឱវាទ និងកម្លាំងនគរបាលទាំង ៩ស្រុក/ក្រុង ចូលរួមពិធីប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេស ដែលធ្វើនៅសាលាខេត្ត បន្ទាយមានជ័យ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជាជីវៈខេត្ត បានដឹកនាំកិច្ចប្រជុំនោះ និងក៏មាន ការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការ កម្លាំងនគរបាល ផែនជំនាញ អន្តោប្រវេសន៍ មកពីអធិការដ្ឋាននគរបាល ទាំង៩ ស្រុក ក្រុង និងលោក លោកស្រី អាជីវករ ពាណិជ្ជករ ម្ចាស់អាជីវកម្មកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រាស ផ្សេងៗជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានដឹងថាៈ នេះគឺជាការពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការបំពេញការងាររួមគ្នា របស់ក្រសួងស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធក្នុងការគ្រប់គ្រង ហត្ថពលកម្មបរទេស ឱ្យត្រឹមត្រូវតាមច្បាប់ និងក៏ដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់ ទាំងផលប្រយោជន៍ របស់កម្មករ និយោជិតបរទេស និងនិយោជក នៃរោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានអាជីវកម្មនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោក ហុង ប្រកប អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ការផ្សព្វផ្សាយនេះ ជាគោលការណ៍ ការគ្រប់គ្រង ហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានល្អ ហើយត្រូវធ្វើឡើងទៅតាម ប្រព័ន្ធ និងនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ និងបានណែនាំពី ឯកសារគតិយុត្ត ការផាកពិន័យ ក្នុងករណីប្រើប្រាស់ហត្ថពលកម្មបរទេស ខុសច្បាប់នានា៕ V / N