ដោយៈ សុផល / ភ្នំពេញ៖ នៅថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី “ប្រព័ន្ធបដិសណ្ឋារកិច្ចល្អ សម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ”។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីចូលរួមចំណែក ជំរុញកំណើនវិស័យទេសចរណ៍ ក៏ដូចជា ការលើកកម្ពស់ “កម្ពុជាជាគោលដៅទេសចរណ៍​ផ្ដល់ភាពកក់ក្ដៅ” ដល់ភ្ញៀវ ទេសចរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តអភិក្រម “ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព”។ បន្ថែមពីនេះ ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ២លាន ២៧ម៉ឺននាក់ កើនឡើង ១.០៥៨,៦% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១, ចំពោះភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិ សរុបប្រមាណ ១៣លាន ៩៣ម៉ឺននាក់ កើនឡើងក្នុងអាត្រា ១៩៩%, និងទេសចរបរទេសផ្ទៃក្នុង ប្រមាណ ១លាន ៨៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៥៧២% ធៀបរយៈពេល ដូចគ្នា ឆ្នាំ២០២១។ ចំណុចវិជ្ជមាននេះ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនទីតាំង បានបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទ/ផ្អាកអាជីវកម្ម ក្នុងរយៈពេល កន្លងទៅ បានប្រមាណ ៨៥%។

ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានរៀបចំឯកសារគោលសំខាន់ៗ ក្នុងទិសដៅគាំទ្រ ជំរុញ និងស្ដារវិស័យសេដ្ឋកិច្ច ឡើងវិញ រួមមាន៖ ទី១).ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិ​ជំងឺកូវីដ-១៩, ទី២).ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥, ទី៣).ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគីរី ឆ្នាំ២០២១-២០៣៥, ទី៤).ផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួល ទេសចរណ៍វ៉ាក់សាំង, និងទី៥).វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងរក្សាបាន នូវភាពធន់នៃវិស័យទេសចរណ៍ កម្ពុជា ក្នុងដំណាក់កាលវិបត្តិ ហើយបាននឹងកំពុងឈានចូល​ដំណាក់កាលងើបឡើងវិញ នាពេលនេះ ពិសេសធានាបានយុទ្ធនាការ “កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត បៃតង និងសុវត្ថិភាព”និងជំរុញចលនា​ប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងបង្កើនភាពទាក់ទាញ និងផ្សព្វផ្សាយ “កម្ពុជាជាគោលដៅ ​ទេសចរណ៍កីឡា” តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Game) និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំ២០២៣។

គួរជម្រាបថា លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជា ប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងបិទ វគ្គបណ្តុះបណ្តាល៕ V / N