ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី២២ កុម្ភៈ ម្សិលមិញនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ដែលត្រៀមចូល រួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាជម្រំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ឲ្យដឹងថាៈ ការរៀបចំ ប្រមូលផ្ដុំ ក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបានច្របាច់បញ្ចូលគ្នា រវាងក្រុមកីឡាថ្នាល និងជម្រើសជាតិ ដើម្បីីឈានទៅសម្រិតសម្រាំង កីឡាជម្រើសជាតិ សរុបចំនួន ៩៣៨ នាក់ ក្នុងនោះ កីឡាការិនី ៣៤៦ នាក់ និងគ្រូបង្វឹកចំនួន ១៧៦ នាក់ ដែលមានគុណផលខ្ពស់ សីលធម៌ល្អ និងអនុរក្ស ៥២ នាក់។

កីឡាជម្រើសជាតិ ដែលហាត់ក្នុងប្រទេស គឺនៅពហុកីឡដ្ឋានជាតិ មរតកតេជោ មាន ៩​ ប្រភេទកីឡា ស្មើនឹង ១៦២ វិញ្ញាសា រួមជាមួយកីឡាករ កីឡាការិនី ១៦១ នាក់ គ្រូបង្វឹក ៣១ នាក់ និងអនុរក្ស ៨ នាក់។ ហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក មាន ១៧ ប្រភេទកីឡា ស្មើនឹង ២៣០ វិញ្ញាសា អត្តពលិក ៣០៩ នាក់គ្រូបង្វឹក ៦២ នាក់ អនុរក្ស ១៧ នាក់។ ហាត់តាមសហព័ន្ធជាតិ មាន ១៤ ប្រភេទកីឡា ស្មើនឹង ១៨៦ វិញ្ញាសា អត្តពលិក សរុប ២៨៣ នាក់ គ្រូបង្វឹក ៦២ នាក់ អនុរក្ស ១៤ នាក់។

ចំពោះការហាត់នៅក្រៅប្រទេសវិញ មានកីឡាករ កីឡាការិនី សរុបចំនួន ២២៦ នាក់ ដូចជាហាត់នៅចិន មាន ១២ ប្រភេទកីឡា ស្មើនឹង ៧៨ វិញ្ញាសា មានអត្តពលិក ១៤១ នាក់ ឝ្រូបង្វឹក ១៣ នាក់​ហាត់រយៈពេល ៤ខែ។ ហាត់នៅសហរដ្ឋអាមេរិក ៦ ប្រភេទកីឡា ក្នុងនោះ មានជីជីស៊ូ តេក្វានដូ WT(World Taekwondo) បាល់បោះ ហែលទឹក វាយកូនបាល់ និងវាយកូនឃ្លីលើតុ ដែលមានអត្តពលិក សរុប ២៦ នាក់ គ្រូបង្វឹក ៤ នាក់ ហាត់រយៈពេល ៤ ខែ។

ចំពោះនៅប្រទេសបារាំងវិញ មាន ២ ប្រភេទកីឡា គឺតេក្វាន់ដូ WT និងទ្រីយ៉ាត្លុង ដែលមាន៣វិញ្ញាសា អត្តពលិក ៣ នាក់ ហាត់រយ:ពេល ៤ខែ។
ចំពោះការហាត់នៅបណ្ដា ប្រទេសអាស៊ីវិញ មានដូចជាវៀតណាម ថៃ មីយ៉ាន់ម៉ា អ៊ូសបេគីស្ថាន កូរ៉ែខាងត្បូង មាន ១៦ វិញ្ញាសា អត្តពលិកសរុប ៧៨ នាក់ គ្រូបង្វឹក ១៤ នាក់ ហាត់រយៈពេល៤ខែ។

ចំពោះកីឡាជនពិការវិញ ប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ៥ខែ មាន ១៣ ប្រភេទកីឡា ស្មើនឹង ១០១ វិញ្ញាសា មានអត្តពលិក ១៦៥ នាក់ គ្រូបង្វឹក ៣១ នាក់ អនុរក្ស ១៦ នាក់ ហាត់នៅមជឈមណ្ឌលជាតិ ជនពិការតេជោសែន។

លោក អ៊ុក សិទ្ធិជាតិ បានកោតសរសើរ ចំពោះការលះបង់ ពុះពារគ្រប់ការលំបាករបស់ អត្តពលិក គ្រូបង្វឹក អនុរក្ស ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយ ជូនជាតិ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ខាងមុខនេះ៕ V / N