ដោយៈទេពកង្រី/កំពង់ឆ្នាំង : ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក វរសេនីយ៍ឯក ហ៊ុល វាសនា សង្ឃឹមថា នៅពេលដែលសិស្សានុសិស្ស ប្រជាពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃគ្រឿងញៀន តាមរយៈការអប់រំផ្សព្វផ្សាយ នោះការប្រើប្រាស់និងការជួញដូរ គ្រឿងញៀន នឹងត្រូវបានកាត់បន្ថយ។
មានប្រសាសន៍បែបនេះនៅក្នុងឱកាសចុះផ្សព្វផ្សាយអប់រំស្តីពីផលប៉ះពាល់នូវគ្រឿងញៀននិងការជួញដូរមនុស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ត្បូង នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣។
លោក វរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង បានបន្តថា យុទ្ធនាការថ្ងៃនេះ គឺជាផែនការប្រចាំឆ្នាំរបស់ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដល់ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្ត ដោយបានសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដើម្បីចុះមកអប់រំ ផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្ស គ្រប់បណ្តាវិទ្យាល័យ ទូទាំងខេត្តកំពង់ឆ្នាំងដោយមិនកំណត់ពេលវេលា និង ទីតាំងឡើយ ធ្វើយ៉ាងណាឲ្យសិស្សទាំងអស់ បានដឹងនិងចាកឆ្ងាយពីគ្រឿងញៀន ។
ចំពោះផែនការប្រចាំឆ្នាំនេះដែរ ក៍បានចែកចេញជា២ ទី១អប់រំដល់សិស្ស និង ទី២ អប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យបានយល់អំពីការប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ចំពោះគោលដៅសំខាន់ៗក្នុងការបនរយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនគឺមានកត្តាចំនួន២ សំខាន់ៗទី១ គឺធ្វើការជំរុញការអប់រំផ្សព្វផ្សាយគ្រឿងញៀនឲ្យបានជ្រាបដល់បណ្ដាសិស្សនិងប្រជាពលរដ្ឋ, ទី២ គឺការបង្ក្រាបតែម្ដង យុទ្ឋនាការធ្វើឡើងប្រចាំឆ្នាំ នេះគឺគោលបំណងកាត់បន្ថយការជួញដូរ និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ទូរទាំងខេត្តកំពង់ឆ្នាំង ផងដែរ។
លោក វរៈសេនីយ៍ទោ អ៊ុន គឹមហ៊ាន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សក៏បានបញ្ជាក់ដែរថាការចុះអប់រំផ្សព្វផ្សាយស្ដីពីការជួញដូរមនុស្សនិងការពារអនិកជន គឺធ្វើស្របគ្នាជាមួយនឹងការិយាល័យប្រឆាំងគ្រឿងញៀន តាមផែនការរបស់ លោក ស្នងការនគរបាលខេត្ត ក្នុងគោលបំណងទប់ស្កាត់ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និងការជួញដូរកុមារជាដើម ដើម្បីធ្វើយ៉ាងណាមិនឱ្យស្ត្រីនិងកុមាររងគ្រោះក្នុងអំពើជួយដូរ អំពើកេងប្រវ័ញ្ចផ្លូវភេទ ឬ ពលកម្មឡើយ ។
គួរកត់សម្គាល់បានថាក្នុងយុទ្ឋនាការអប់រំផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន និង ប្រឆាំងការជួញដូរមនុស្ស នៅ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូងនាពេលនោះ មានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណជិត២.០០០នាក់ បានសួរនូវសំណួរពាក់ព័ន្ធនឹងគ្រឿងញៀនពាក់ព័ន្ធនឹងបញ្ហាការជួញដូរមនុស្ស ហើយសមត្ថកិច្ចជំនាញបានឆ្លើយពន្យល់យ៉ាងក្បោះក្បាយ ដល់សិក្សានុសិស្ស នាឱកាសនោះផងដែរ៕ P / N