ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្រោយទទួលបានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារគម្រោងលាភ បានចុះទៅសហគមន៍ស្វាយចេកថ្មី នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងសហគមន៍ និងដើម្បីត្រួតពិនិត្យការងារស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូ របស់គម្រោងលាភ ដែលកំពុងស្ថាបនា នៅក្នុងសហគមន៍ស្វាយចេកថ្មី។
លោកអភិបាលរងរាជធានី បានលើកឡើងថា៖ តាមរយៈការចុះពិនិត្យជាក់ស្តែង និងបានសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ឃើញថា ប្រជាពលរដ្ឋ ពិតជា សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលទទួលបានផ្លូវ និងលូ ដែលកំពុងតែស្ថាបនា នៅក្នុងសហគមន៍។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ លោកអភិបាលរាជធានីភ្នំពេញ ពិសេស បានអរគុណសន្តិភាព អរគុណនយោ បាយ ឈ្នះឈ្នះ និងអរគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព នៅកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការទៅបោះឆ្នោត នាពេលខាងមុខ ដើម្បីឱ្យប្រទេសយើង មានសុខសន្តិភាព និងការអភិវឌ្ឍ បន្តទៅមុខទៀត៕/V-PC