ដោយៈ សុផល / ភ្នំពេញ៖ មូលនិធិជប៉ុន (JF) បានប្រកាសថា ខ្លួននឹងរៀបចំសន្និសីទ អន្តរជាតិមួយ ដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ វេទិកានេះ មានឈ្មោះថា “ទំនាក់ទំនងអាស៊ាន-ជប៉ុន៖ ការឈានចូលយុគថ្មី ឆ្ពោះទៅរក ភាពជាដៃគូសកល” សន្និសីទនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ។

នេះបើតាមការឱ្យដឹងរបស់លោក YAZAWA Hideki អគ្គនាយករងទទួលបន្ទុកផ្នែក នយោបាយតំបន់ ការិយាល័យកិច្ចការអាស៊ាន និងអូសេអានី នៃក្រសួងការបរទេសជប៉ុន នៅក្នុងសន្និសីទសារពត៌មាន តាម Zoom ដែលចូលរួមដោយអ្នកយកព័ត៌មានជាន់ខ្ពស់ រស្មីកម្ពុជា ដេល្លី កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ។

អ្នកជំនាញចំនួន១៣ នាក់ មកពីអាស៊ីអាគ្នេយ៍ នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងឱកាសពិសេសនេះ។ ក្នុងនោះមានលោក បណ្ឌិត Marty Natalegawa អតីត រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតគោល គំនិត កិច្ចសហប្រតិបត្តិការតំបន់ផ្ទាល់របស់អាស៊ាន គឺទស្សនវិស័យអាស៊ាន លើ ឥណ្ឌូ-ប៉ាស៊ីហ្វិក ASean Outlook on the Indo-Pacific (AOIP)។ ក្រៅពីនេះ ក៏មានការចូលរួមពីលោកស្រី Susan Afan ប្រធានមូលនិធិ Ramon Magsaysay Award Foundation ដែលរៀបចំពានរង្វាន់ដ៏ល្បីគឺ ” រង្វាន់ណូ បែលអាស៊ី ” ។ បុគ្គលដែលមានចំណេះដឹងទាំងនេះ នឹងចូលរួមជាមួយអ្នកជំនាញជប៉ុន ក្នុងការពិភាក្សាជាបន្តបន្ទាប់ អំពីទំនាក់ទំនងអាស៊ាន-ជប៉ុនថ្មី សម្រាប់ពាក់កណ្តាល សតវត្សរ៍ក្រោយ។

លោក YAZAWA Hideki បានឱ្យដឹងទៀតថា៖ ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន បានចាប់ផ្តើមជាមួយនឹងវេទិកា អាស៊ាន-ជប៉ុន​ស្តីពី Synthetic Rubber ដែលបានបង្កើតឡើង ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៧៣ ហើយចាប់តាំងពីពេលនោះមក សម្រេចបានការអភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ និងកាន់តែស៊ីជម្រៅ លើមូលដ្ឋាននៃ “ភាពជាដៃគូបេះដូង និងបេះដូង” ដែលមានប្រភពចេញពីគោលលទ្ធិ Fukuda Doctrine ក្នុងឆ្នាំ ១៩៧៧។ ទំហំពាណិជ្ជកម្ម រវាងប្រទេសអាស៊ាន និងជប៉ុន បានកើនឡើង លើសពី ២៤ ទ្រីលានយ៉េន (ក្នុងឆ្នាំ ២០២១) ដែលស្មើនឹងប្រហែល ១៥% នៃពាណិជ្ជកម្ម​សរុបរបស់ប្រទេសជប៉ុន។ លើសពីនេះ សកម្មភាពប្រជាជន នៃភាគីទាំងពីរ បានកើនឡើងយ៉ាងខ្លាំងដល់ប្រមាណ ៩,៤ លាននាក់(ក្នុងឆ្នាំ២០១៩)។

ម៉្យាងវិញទៀត ទាំងអាស៊ាន និងជប៉ុន ត្រូវប្រឈមមុខនឹងតម្រូវការបន្ទាន់ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការអន្តរជាតិ បន្ថែមទៀត សម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខ ដើម្បីដោះ ស្រាយបញ្ហាប្រឈមសកលទូទៅ ដូចជា អស្ថិរភាពនៃសណ្តាប់ធ្នាប់អន្តរជាតិ ដោយសារ តែការរំខាន ដូចជាការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិសមភាព សេដ្ឋកិច្ច នៅក្នុងប្រទេសនីមួយៗ និងដើម្បីដោះស្រាយ​ការមិនទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងសង្គម។

នៅក្នុងសន្និសីទអន្តរជាតិ នាពេលខាងមុខនេះ អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa នឹងថ្លែងសុន្ទរកថាគន្លឹះ ដោយពិភាក្សា​ អំពីអតីតកាល និងអនាគត នៃទំនាក់ទំនងអាស៊ាន-ជប៉ុន យ៉ាងទូលំទូលាយ។ បន្ទាប់មក វាគ្មិនចំនួនបីរូប ទៀត ថ្លែងផ្តោតលើវិស័យ​នយោបាយ សេដ្ឋកិច្ច និងសង្គម និងវប្បធម៌ ដែលអ្នកជំនាញ ក្នុងវិស័យនីមួយៗ នឹងពិនិត្យមើលស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម ហើយពិចារណា លើការរំពឹងទុក​នាពេលអនាគត។

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា សន្និសីទនេះ នឹងជាឱកាសដ៏ល្អ សម្រាប់អ្នកចូលរួម ដើម្បីផ្លាស់ប្តូរទស្សនៈ និងឆ្លុះបញ្ចាំងពីសមិទ្ធផល និងបញ្ហាប្រឈម នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ តាមរយៈការជំរុញការយល់ដឹងកាន់​តែស៊ីជម្រៅអំពីទស្សនវិស័យ និងផលប្រយោជន៍ របស់គ្នាទៅវិញទៅមក ។ សន្និសីទនេះ មានគោលបំណងរួមចំណែក ដល់ភាពជាដៃគូ កាន់តែរឹងមាំ និងស្វាហាប់ជាងមុន រវាងអាស៊ាន និងជប៉ុន៕/V-PC