ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ឈិញ (Pham Minh Chinh) បានប្រាប់លេខាខេត្តហៃណាន លោក សិន សៀវមីង (Shen Xiaoming) កាលពីថ្ងៃពុធទី២២កុម្ភៈក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមថា វៀតណាមនិងចិនគួរតែពង្រីកពាណិជ្ជកម្មនិងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកឈិញបានស្វាគមន៍លោកសៀវមីងក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់មកកាន់ប្រទេសវៀតណាមក្នុងឋានៈជាលេខាខេត្តហៃណាន ហើយបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងជំរុញភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងខេត្តហៃណាននិងវៀតណាមលើគ្រប់វិស័យ។

នាយករដ្ឋមន្ត្រីបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដែលលោកចាត់ទុកថាក្នុងស្មារតីឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង សន្តិភាព កិច្ចសហប្រតិបត្តិការ និងការធ្វើពិពិធកម្ម និងការពង្រីកទំនាក់ទំនងបរទេស។

លោកឈិញបានលើកទឹកចិត្តដល់ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្សវៀតណាម លោក ង្វៀន ភូ ជុង (Nguyen Phu Trong) ទៅកាន់ប្រទេសចិនកាលពីខែតុលាឆ្នាំមុន។

លោក​បាន​អំពាវនាវឱ្យ​ប្រទេស​ទាំង​ពីរ​សហការ​លើ​គ្រប់​វិស័យ ជាពិសេស​ធ្វើ​ឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម។ លោកបានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការវិនិយោគ និងបើកកម្មវិធីផ្លាស់ប្តូរកាន់តែច្រើនរវាងប្រជាជនជិតខាងទាំងពីរ។

បន្ទាប់មក នាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបញ្ចូលវៀតណាមទៅក្នុងបញ្ជីប្រទេសរបស់ចិន ដែលឥឡូវអាចរកបានសម្រាប់សកម្មភាពទេសចរណ៍។

លោកឈិញក៏បានអំពាវនាវផងដែរឱ្យមានសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ដែលអន្តរជាតិហៅថា សមុទ្រចិនខាងត្បូងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

លោកឈិញចាប់ដៃលោកសៀវមីងនៅទីក្រុងហាណូយកាលពីថ្ងៃពុធទី២២កុម្ភៈ