ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អ្នកយកព័ត៌មានទូរទស្សន៍ម្នាក់និងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់នៅជិតទីក្រុងអ័រលែនដូ (Orlando) រដ្ឋផ្លរីដា ជិតកន្លែងកើតហេតុនៃករណីឃាតកម្មដែលបានកើតឡើងប៉ុន្មានម៉ោងមុននោះ។

ប៉ូលិសបាននិយាយកាលពីថ្ងៃពុធទី២២កុម្ភៈ (ថ្ងៃព្រហស្បតិ៍នៅកម្ពុជា) ថា អ្នកយកព័ត៌មានទីពីរនិងម្តាយរបស់ក្មេងស្រីត្រូវបានបាញ់របួសដោយខ្មាន់កាំភ្លើងដដែល ដែលគេសង្ស័យថាបានប្រព្រឹត្តអំពើមនុស្សឃាតមួយផ្សេងទៀតផងដែរ។

ប៉ូលិសបាននិយាយថា អ្នកកាសែតរបស់ទូរទស្សន៍ Spectrum News 13 ពីរនាក់កំពុងរាយការណ៍ពីការសម្លាប់ស្ត្រីម្នាក់នៅតំបន់នោះនៅព្រឹកថ្ងៃពុធ ខណៈជនសង្ស័យវ័យជំទង់បានត្រឡប់មកវិញ។

គេមិនច្បាស់ទេថាតើពួកគេជាគោលដៅត្រូវបាញ់ឬយ៉ាងណានោះទេ។

ក្រុមស៊ើបអង្កេតបាននិយាយថា ជនសង្ស័យមានប្រដាប់អាវុធ នៅពេលចាប់ខ្លួន ហើយមិនបានសហការជាមួយប៉ូលិសទេ។

គ្មានអ្នកស្លាប់ណាម្នាក់ក្នុងចំណោមមនុស្សបីនាក់នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកកាលពីថ្ងៃពុធនៅសង្កាត់ភីនហ៊ីល (Pine Hills) នៅភាគខាងលិចជាយក្រុងអ័រលែនដូ ត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ចន មីណា (John Mina) តម្រួតប៉ុស្តិ៍អូរ៉េងខោនធី (Orange County) បាននិយាយថា អ្នកកាសែត “បាននៅក្នុង ឬនៅជិតរថយន្តរបស់ពួកគេ” ដែលលោកនិយាយថាមើលទៅមិនដូចរថយន្តផ្លូវការរបស់ស្ថានីយទូរទស្សន៍ នៅពេលដែលពួកគេត្រូវបានវាយប្រហារនៅម៉ោងប្រហែល ១៦៖០០ ម៉ោងក្នុងស្រុក។

លោកបាននិយាយថា អ្នកកាសែតបានរាយការណ៍អំពីការបាញ់ប្រហារដែលបានកើតឡើងមុននោះនៅម៉ោងប្រហែល ១១៖០០ ព្រឹកម៉ោងក្នុងស្រុក ដែលឃើញស្ត្រីម្នាក់អាយុជាង ២០ ឆ្នាំម្នាក់ស្លាប់នៅក្នុងរថយន្ត ខណៈដែលជនសង្ស័យត្រឡប់មកកន្លែងកើតហេតុវិញ ហើយបានបាញ់រះ។

ប៉ូលិសបាននិយាយថា បន្ទាប់ពីវាយប្រហារអ្នកកាសែតរួច ខ្មាន់កាំភ្លើងឈ្មោះ ខេត ម៉ូស (Keith Moses) អាយុ ១៩ ឆ្នាំបានចូលទៅក្នុងផ្ទះក្បែរនោះ ហើយបាញ់សម្លាប់ក្មេងស្រីនិងបាញ់របួសម្តាយរបស់នាង។

លោក​បាន​បន្ថែម​ថា ម្តាយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

អ្នកកាសែតផ្សេងទៀតនៅក្បែរនោះបានជួយផ្តល់ការសង្គ្រោះបឋមដល់ជនរងគ្រោះ នេះបើយោងតាមអ្នកយកព័ត៌មានក្នុងស្រុក។

ទូរទស្សន៍ Spectrum 13 នៅតែបន្តផ្សាយផ្ទាល់នូវដំណឹងនេះ ក្រោយអ្នកយកព័ត៌មានរបស់ខ្លួនត្រូវបានប្រកាសស្លាប់។

នាង ហ្គ្រេក អេនជែល (Greg Angel) អ្នកអានព័ត៌មាននៅស្ថានីយ និយាយថា អ្នកកាសែតរបួស “នៅតែអាចនិយាយជាមួយអ្នកស៊ើបអង្កេត និងសហការី”។

លោកតម្រួត មីណា និយាយថា ជនសង្ស័យធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសជាច្រើន រួមទាំងបទល្មើសទាក់ទងនឹងកាំភ្លើង ការវាយតប់ប្រដាប់អាវុធ និងការឆក់ប្លន់ទ្រង់ទ្រាយធំ៕

ខ្មាន់កាំភ្លើងឈ្មោះ ខេត ម៉ូសត្រូវបានចាប់ខ្លួន