ដោយៈ សុផល / កោះកុង៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣​​ ​បានអញ្ជើញដឹកនាំគណ:ប្រតិភូ ក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Ventureផងដែរ។

ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ នារសៀលថ្ងៃទី២៣ កុម្ភៈ បានឱ្យដឹងថា បេសកកម្មនេះ ត្រូវបានធ្វើឡើង ក្នុងបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេស ក្នុងការសាងសង់ ដើម្បីធានាបានថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវ​តាមបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង និងមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់​គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួន ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំផងដែរ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នេះ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្ន សម្រេចការសាងសង់បានជិត​ ២២% ហើយ។ តួលេខនេះ មានភាពយឺតយ៉ាវ ជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួន ដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជំងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួល ប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។

ទាក់ទិននឹងដំណឹងចចាមអារ៉ាម ដែលបានលើកឡើងថា ក្រុមហ៊ុនម៉ៅការសាងសង់ បានបោះបង់ចោលគម្រោងការងារ លោកទេសរដ្ឋមន្ត្រី សូមយកឱកាសនេះបញ្ជាក់ឱ្យ បានច្បាស់ថា គឺមិនមានរឿងដូចដែលលេចឮនោះឡើយ។ ជាក់ស្តែង ក្នុងពេលនេះស្រាប់ យើងបានឃើញហើយថា ក្រុមហ៊ុនម៉ៅការសាងសង់ ILSUNG & HANIL កំពុងបន្តអនុវត្តការងារ ទៅតាមផែនការ បើទោះបីជាមានបញ្ហាប្រឈមបន្តិចបន្តួច ដូចដែលបានរៀបរាប់ ខាងលើ ដែលនាំឱ្យមានការយឺតយ៉ាវក៏ដោយ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី ដោយក្នុងផែនការ ត្រូវចំណាយរយៈពេលសាងសង់ ចំនួន ៣២ ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៧ ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ ស.ម ក្រោមទំហំទឹកប្រាក់ ប្រមាណជាង ៧៨ លានដុល្លារអាមេរិក៕/V/R