ដោយៈប.ខុន/ភ្នំពេញៈប្រឡាយមេនាំទឹកស្រែង១ធ្វើពីបេតុងដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៥ មកដល់ពេលនេះមានអាយុកាល៨ឆ្នាំហើយមិនដែលត្រូវបានធ្វើការជួស ជុលនោះទេ ជាហេតុនាំឲ្យកន្លែងខ្លះបានរងការខូចខាតដោយសារទឹកជំនន់កាលពីក្នុងរដូវវស្សាឆ្នាំ២០២២ ។​

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣ថា ប្រឡាយមេស្រែង១ដែលនៅផ្នែកខ្លះបានរងការខូចខាតដោយសារទឹកជំនន់កាលពីក្នុងរដូវវស្សាឆ្នាំ២០២២ពេលនេះបាននឹងកំពុងធ្វើការជួសជុលដោយក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចាប់ផ្តើម កាលពីដើមខែនេះ(កុម្ភៈ)។ ក្នុងពេលប្រឡាយកំពុងត្រូវបានធ្វើការជួសជុល ការបញ្ចេញទឹកពីអាងស្រែង១ត្រូវបានផ្អាកមួយរយៈ ខណៈពេលស្រូវប្រាំងនៅក្នុង ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យលែងត្រូវការ ទឹក។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខាងលើបាននិយាយឱ្យដឹងទៀតថា ប្រឡាយមេស្រែង១និងប្រឡាយរងសម្រាប់នាំទឹកពីអាងស្រែង១ទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាប្រឡាយបេតុងមានប្រវែងសរុបប្រមាណជា៨០គីឡូម៉ែត្រ ដោយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីក្នុងឆ្នាំ២០១៥ មកដល់ពេលនេះមានអាយុកាល៨ឆ្នាំហើយមិនដែលបានធ្វើការជួសជុលទេ។ ប្រឡាយនេះនៅកន្លែងខ្លះបាក់ស្រុតនិងខូចភ្លឺប្រឡាយដោយសារទឹកជំនន់កាលពីក្នុងរដូវវស្សាឆ្នាំ២០២២។ លោក ញឺន កួន បានបញ្ជាក់ថា ប្រឡាយបេតុងខាងលើនេះមានតួនាទីនាំយកទឹកពីអាងស្រែង១ទៅស្រោចស្រពផ្ទៃដីដំណាំស្រូវនៅក្នុងខេត្តសៀមរាបនិងខេត្តបន្ទា យមានជ័យ ដែលនៅក្នុងឆ្នាំ២០២៣នេះបាននាំយកទឹកទៅដល់គោលដៅគ្រប់គ្រាន់ហើយ។ ចំណែកស្ថានភាពទឹកនៅក្នុងអាងស្រែង១ ស្រែង២និងអាងទំនប់ថ្មីដែលរក្សា ទឹកទុកបានជាង៥០០លានម៉ែត្រគូបកាលពីចុងរដូវវស្សា ពេលនេះនៅសល់ទឹកប្រមាណជា៦០ភាគរយ។ទឹកដែលនៅសល់នេះរក្សាទុកសម្រាប់ការងារដាំដុះស្រូវដើមរដូវដែល ប្រជាកសិករចាប់ផ្តើមធ្វើនៅដើមខែឧសភា។អាងទឹកនៅក្នុងខេត្តឧត្តរមានជ័យរក្សាទុកសម្រាប់តែបញ្ជូនទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប។ ចំពោះនៅក្នុងខេត្តឧត្តរមានជ័យការធ្វើស្រូវប្រាំងមានចំនួនមិនដល់២០០ហិកតាទេ៕/R