ដោយៈប.ខុន/ភ្នំពេញៈលូស្បៃមុងចំនួន៦៤មាត់ របាំងស្បៃមុងប្រវែង៣.៧៤០ម៉ែត្រ បង្គោលចំរឹង១.៤៤០ដើម ដែលជាឧបករណ៍បម្រើដល់ការធ្វើនេសាទខុសច្បាប់នៅក្នុង ខេត្តព្រៃវែង ត្រូវបានរុះរើនិងដុតបំផ្លាញចោលដោយខណ្ឌរដ្ឋបាលជលផលព្រៃវែង។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣ថានៅថ្ងៃទី២១និងថ្ងៃទី២២ខែកុម្ភៈក្រុមការងារ ខណ្ឌរដ្ឋបាលជលផលព្រៃវែងចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផលបានចំនួន៤ករណី ដោយរុះរើនិងបំផ្លាញចោលលូស្បៃមុងចំនួន៦៤មាត់ របាំងស្បៃមុងប្រវែង៣.៧៤០ម៉ែត្រ បង្គោលចំរឹង១.៤៤០ដើមនិងចាក់លែងត្រីចម្រុះចូលបឹងវិញចំនួន៥០គីឡូក្រាម។
ប្រភពខាងលើនិយាយឱ្យដឹងទៀតថានៅថ្ងៃទី២១ខែកុម្ភៈសមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅនៅ ឃុំពោធិ៍រៀងស្រុកពោធិ៍រៀងនិងនៅឃុំធាយ ស្រុកបាភ្នំ អនុវត្តបានពីរករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន៣១ មាត់ របាំងព្រួលស្បៃមុងប្រវែង១.៥១០ ម៉ែត្រ បង្គោលចម្រឹងចំនួន៥៤០ ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់២០គីឡូក្រាម ។ នៅថ្ងៃទី២២ខែកុម្ភៈសមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែងបានចុះត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រៃព្នៅ ស្រុកពារាំង និងនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ អនុវត្តបានពីរករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន៣៣មាត់ របាំងព្រួលស្បៃមុងប្រវែង២.២៣០ម៉ែត្រ បង្គោលចម្រឹងចំនួន៩០០ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៣០គីឡូក្រាម និងបានលែងពស់ថ្លាន់ចំនួនពីរក្បាល ៕/R