ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឆ្លើយតបតាមសំណើរបស់ស្ថានទូតសហព័ន្ធអាលឺ្លម៉ង់ប្រចាំនៅកម្ពុជា លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបគណៈប្រតិភូដឹកនាំដោយ លោកស្រី ហ្កាប្រ៊ីអែល កាតស្មារិក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់ ដើម្បីពិភាក្សាអំពីការបោះឆ្នោតនៅកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។
ជាកិច្ចចាប់ផ្តើម លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងមានកម្មវិធីជួបជាមួយ គ.ជ.ប ហើយក្នុងនាមឯកឧត្តមប្រធាន គ.ជ.ប សូមសា្វគមន៍ចំពោះគណៈប្រតិភូ និងត្រៀមលក្ខណៈផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
ចំណែកលោកស្រី ហ្កាប្រ៊ីអែល កាតស្មារិក ប្រធានក្រុមសភានៃសហព័ន្ធអាលឺ្លម៉ង់ ក៏បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់។ លោកស្រីសង្ឃឹមថា នឹងទទួលបានព័ត៌មានច្រើនពី គ.ជ.ប ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងជំនួបនេះ គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់បានសួរអំពីភាពមានសិទ្ធិឈរឈ្មោះបោះឆ្នោត និងតើ គ.ជ.ប បានរៀបចំចាត់ចែងដូចម្តេចសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ?
ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបកស្រាយមួយចំណុចម្តងៗ ទៅនឹងសំណួររបស់គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង ដូចខាងក្រោម៖
គ.ជ.ប បានរៀបចំប្រតិទិននៃការបោះឆ្នោត ផែនការមេ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតរួចរាល់ហើយ។ បទបញ្ជា និងនីតិវីធីនោះ មានការចូលរួមផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មុននឹង គ.ជ.ប អនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តថា ការរៀបចំការបោះឆ្នោតនៅកម្ពុជាមាន ៤ ដំណាក់កាលធំៗគឺ៖
១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានចប់សព្វគ្រប់ហើយ ដែលមានឈ្មោះអ្នកបោះឆ្នោតជាង ៩ លាននាក់។ អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ ទើបមានសិទ្ធិបោះឆ្នោតបាន។
២. ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។ មកដល់ពេលនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៤៦ គណបក្ស។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
៣. ការឃោសនាបោះឆ្នោត។ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គណបក្សនយោបាយមានសិទ្ធិធ្វើការឃោសនាបោះឆ្នោតជាច្រើនរូបភាព ដូចជាការហែក្បួនឃោសនានៅតាមទីសាធារណៈ ចំនួន ៤ដង មានសិទ្ធិឃោសនាបោះឆ្នោតតាមផ្ទះជាដើម។ ម្យ៉ាងទៀត គណបក្សនយោបាយមានសិទ្ធិឃោសនាបោះឆ្នោតដោយស្មើភាពគ្នា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ដែលកម្មវិធីនោះត្រូវបានរៀបចំឡើងដោយ គ.ជ.ប។ ជារួម គណបក្សនយោបាយមានសិទ្ធិរៀបចំកម្មវិធីឃោសនារបស់ខ្លួន ទៅតាមលទ្ធភាពរបស់គណបក្ស។
៤. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ចំពោះការបោះឆ្នោត គឺប្រជាពលរដ្ឋធ្វើការបោះឆ្នោតដោយសម្ងាត់ ដោយសេរី និងគ្មានការភ័យខ្លាច។ ក្រោយការបោះឆ្នោតចប់ ដំណើរការរាប់សន្លឹកឆ្នោតត្រូវចាប់ផ្តើមនៅទីនោះភ្លាមតាមនីតិវិធីច្បាប់។ បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតត្រូវបានបិទផ្សាយជាសាធារណៈ នៅខាងមុខការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត មានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដែលនៅពិនិត្យមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងករណីឃើញមានភាពមិនប្រក្រតី ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិប្តឹងតវ៉ាភ្លាមៗនៅទីនោះ ហើយការដោះស្រាយបណ្តឹងត្រូវធ្វើឡើងតាមឋានានុក្រម និងតាមនីតិវិធីច្បាប់។ គ្រប់ដំណើរនៃការបោះឆ្នោតទាំងអស់ ត្រូវធ្វើឡើងដោយតម្លាភាព។
នៅទីបញ្ចប់ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ហើយសន្យាថា នឹងបន្តការងារទំនាក់ទំនងគ្នាជាបន្តទៀត។ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជូនពរដល់គណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់ បំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅអស់រយៈពេលជិតមួយម៉ោង៕/R