ដោយៈមុនីរ័ត្ន/ភ្នំពេញៈឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ នេះថា ការបិទការផ្សាយរបស់វិទ្យុ វីអូឌី (VOD) មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះទេពីព្រោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមប្រភព AMS ល្ងាចថ្ងៃទី ២៣ ខែកុម្ភៈនេះ។
លោក ហង្ស ពុទ្ធា (រូបថត ឯកសារគ.ជ.ប)
លោក ហង្ស ពុទ្ធា ប្រាប់ប្រភពដដែលថា ប្រជាពលរដ្ឋទទួលបានព័ត៌មានផ្សេងៗទទួលបានព័ត៌មានស្តីពីការបោះឆ្នោត
តាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះហើយ។ អ្នកដែលយល់ថា ការបិទវិទ្យុ វីអូឌីធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត នោះគឺមិនមែនជាការពិតនោះទេ។អ្នកដែលលើកឡើងបែបនេះប្រហែលជាមានឧបាយកលក្នុងការការពារនយោបាយរបស់ខ្លួន។
អ្នកនាំពាក្យ គ.ជ.បដដែលបន្តថា ក្នុងនាម គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត តែងតែតាមដានមើលនិងអនុវត្តទៅ តាមច្បាប់ដែលមានជាធរមាន ហើយដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺមានការកត់ត្រាច្បាស់លាស់ត្រង់ដែលថា ពីមួយឆ្នាំទៅមួយឆ្នាំតួលេខនៃការបោះឆ្នោតនៅកម្ពុជា គឺមានការកើនឡើង។បើប្រៀបជាមួយប្រទេសដទៃ គឺតួលេខចេញទៅបោះឆ្នោតនៅកម្ពុជា គឺមានច្រើនជាង។
លោកបានបញ្ជាក់ថា “ការដែលពោលពាក្យថា មានការថយចុះ ឬក៏ធ្វើឱ្យបាត់ទំនុកចិត្តអីជាដើម បើសិនជាបាត់ទំនុកចិត្តបងប្អូនប្រជាពលរដ្ឋមិនមែនអញ្ជើញចេញទៅបោះឆ្នោតមានចំនួនកើនឡើងៗនោះទេ។ អ្នកដែលប្រើវោហាស័ព្ទបែបនេះ ប្រហែលជាមានឧបាយកលអីផ្សេងក្នុងការការពារនយោបាយរបស់ខ្លួននោះទេ”៕សរន