ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់កាលពីថ្ងៃព្រហស្បតិ៍ទី២៣កុម្ភៈ ដើម្បីទាមទារឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយកត់សម្គាល់ខួបមួយឆ្នាំនៃសង្គ្រាមជាមួយនឹងការអំពាវនាវឱ្យមានសន្តិភាព “ដែលយុត្តិធម៌និងយូរអង្វែង”។
អ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងរឹងមាំនៅក្នុងការបោះឆ្នោតដែលមិនជាប់កាតព្វកិច្ចនេះ ដែលឃើញសមាជិក ១៤១ នៃសមាជិកអ.ស.បទាំង ១៩៣ បោះគាំទ្រ ៧ បោះជំទាស់ និង ៣២ អនុប្បវាទ រួមទាំងចិននិងឥណ្ឌា។
នៅមុនថ្ងៃគម្រប់ខួបទីមួយនៃសង្រ្គាមដ៏ឃោរឃៅ ការគាំទ្រសម្រាប់រដ្ឋាភិបាលក្រុងគៀវមានការផ្លាស់ប្តូរតិចតួចពីខែតុលាឆ្នាំមុន នៅពេលដែលប្រទេសចំនួន ១៤៣ បានបោះឆ្នោតថ្កោលទោសការប្រកាសរបស់រុស្ស៊ីក្នុងការកាត់យកតំបន់របស់អ៊ុយក្រែនចំនួនបួន។
ការបោះឆ្នោតនេះបានកើតឡើងបន្ទាប់ពីការជជែកដេញដោលពីរថ្ងៃ ដែលក្នុងអំឡុងពេលនោះរដ្ឋាភិបាលក្រុងគៀវបានជំរុញសហគមន៍អន្តរជាតិឱ្យជ្រើសរើស “រវាងល្អនិងអាក្រក់”។
សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះ “អធិបតេយ្យភាព” និង “បូរណភាពទឹកដី” របស់អ៊ុយក្រែន ដោយបដិសេធការទាមទារណាមួយរបស់រុស្ស៊ីចំពោះផ្នែកនៃប្រទេសដែលខ្លួនកាន់កាប់។
សេចក្តីសម្រេចចិត្តនេះក៏បានទាមទារ “ឱ្យសហព័ន្ធរុស្ស៊ីដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ” ហើយបានអំពាវនាវឱ្យ “បញ្ឈប់អរិភាព” ផងដែរ៕