ដោយៈសុផល/ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)នៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC)បានសហការជាមួយគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២បានធ្វើសន្និសីទ សារព័ត៌មានស្តីពី « វឌ្ឍនភាពនៃការត្រៀម SEA GAMES- ASEAN Para Games 2023 »ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។
បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំកី ឡាស៊ីហ្គេមលើកទី៣២ បានអញ្ជើញជាវាគ្មិន ព្រមទាំងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាជាអ្នកសម្រប សម្រួល។
សូមជម្រាបថា កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា និង បិទបញ្ចប់នាថ្ងៃ ទី ១៧ ខែឧសភា ។ប៉ុន្តែប្រភេទកីឡាខ្លះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសាទៅ។ ចំណែកកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី ៩ ខែ មិថុនា។ រហូតមកដល់ថ្ងៃ២៤កុម្ភៈ នេះនៅសល់តែ៧០ថ្ងៃទៀតទេ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបានមួយម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។
ជុំវិញការចំណាយរបស់ម្ចាស់ផ្ទះកម្ពុជានៅស៊ីហ្គេម និងប៉ារ៉ាហ្គេម លោកវ៉ាត់ ចំរើនបានឱ្យដឹងថាកម្ពុជាត្រៀមប្រាក់ ចំណាយ១២៤លានដុល្លារ លើដំណើរការកីឡាតំបន់អាស៊ានលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។
អគ្គលេខាធិការ CAMSOCបានបញ្ជាក់ថា៖«តាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រាក់៥០៥ពាន់លាន រៀលដែលស្មើនឹង១២៤លានដុល្លារនឹងត្រូវយកមកចំណាយលើការរៀបចំស៊ីហ្គេមនិងប៉ារ៉ាហ្គេម។តែកម្ពុជាចំណាយតិចជាងការចំណាយរបស់ប្រទេសផ្សេងៗ ដែលធ្លាប់រៀបព្រឹត្តិការណ៍នេះពីមុនមក»។
ក្នុងព្រឹត្តិការណ៍តំបន់អាស៊ានលើកទី៣២ លោកវ៉ាត់ ចំរើន ក៏បានបញ្ជាក់ដែរថាអត្តពលិកកម្ពុជាចូលរួមប្រកួតប្រជែងគ្រប់ កីឡាទាំង៣៧ប្រភេទតែម្តង។ ចំណោមកីឡាទាំង៣៧ មានតែកីឡាបាល់ទាត់លើតុ (Teq ball)ប៉ុណ្ណោះដែលជាប្រភេទ កីឡាសំដែងនិងមិនទទួលបានមេដាយ។ប្រភេទកីឡាទាំង៣៧មាន១៦ប្រភេទកីឡាជាកីឡាអូឡាំពិកនិង១៦កីឡាទៀត ជាប្រភេទកីឡាតំបន់អាស៊ាន ហើយកីឡាផ្សេងទៀតជាកីឡាប្រជាបិ្រយនិងពេញនិយមរបស់ម្ចាស់ផ្ទះកម្ពុជាដែលមាន សិទ្ធិបញ្ចូលដោយខ្លួនឯង។ នៅក្នុងសន្និសីទសារពត៌មាននោះដែរ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកនិងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២បានលើកឡើងអំពីម្ហូប អាហារសម្រាប់កីឡាករ កីឡាការិនីនៅក្នុងស៊ីហ្គេម។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងម្ហូបអាហារ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមរបស់កម្ពុជាបានរៀបចំម្ហូបអាហារគ្រប់ប្រភេទទាំងអស់ក្នុងនោះមានទាំងអាហារហាឡាល តាមតម្រូវ របស់ ភ្ញៀវអន្តរជាតិ ។
លោក ថោង ខុន បានបន្តថា កម្ពុជាគ្មានប្រវត្តិធ្វើឱ្យភ្ញៀវអាក់អន់ចិត្ត នឹងបដិសណ្ឋារកិច្ចទេ។លោកបានបញ្ជាក់ថា ៖«កម្ពុជាគ្មានទម្លាប់ធ្វើអ្វីដែលខ្វះខាតនោះទេ។ អាហារហូបចុកយើងបានរៀបចំហ្មត់ចត់ណាស់។ យើងមានក្រុមហ៊ុន ទទួលបន្ទុករៀបចំអាហាររួចរាល់ហើយ។ ការដឹកជញ្ជូនយើងមានគ្រប់លក្ខណៈអស់ហើយ។ កន្លែងស្នាក់នៅ។ធំគឺយើង មានភូមិកីឡា (Sport Village)។ កន្លែងប្រកួតយើងមានអស់ហើយ…កម្ពុជាគ្មានប្រវត្តិធ្វើឱ្យភ្ញៀវអាក់អន់ចិត្តរឿង បដិសណ្ឋារកិច្ច នេះទេ។ ខ្ញុំសូមធានាមានតែលើស។ លើសយ៉ាងម៉េច? លើសហ្នឹង គឺដោយសារតែយើងផ្តល់សេវា ដល់ភ្ញៀវលើសពីឋានៈរបស់ភ្ញៀវថែមទៀត។ កុំឱ្យមិត្តភក្តិយើងមានការព្រួយបារម្ភយើងបានរៀបចំអស់ហើយ»។ ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសំអាតតាមផ្ទះឬមុខផ្ទះរបស់ ខ្លួនឱ្យបានស្អាត ដើម្បីបរិស្ថាន និងមុខមាត់ប្រទេសជាតិយើង ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ SEA GAME – ASEAN Para Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕សរន/R