ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី២៤កុម្ភៈនេះថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចនាំផ្លូវយុទ្ធសាស្ត្រចំនួនបួនគ្រាប់ក្នុងអំឡុងសមយុទ្ធដែលរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយបកទប់ទល់នឹងអាវុធនុយក្លេអ៊ែរប្រឆាំងនឹងកងកម្លាំងអរិភាព។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា សមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍គឺទំនងពាក់ព័ន្ធនឹងអង្គភាពកាំជ្រួចនាំផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពប្រជាជនកូរ៉េ ដែលបាញ់កាំជ្រួច “Hwasal-2” ចំនួនបួនគ្រាប់ នៅក្នុងតំបន់ទីក្រុងគីមឆែក (Kim Chaek) ខេត្តម៉ាងយ៉ុងខាងជើង (North Hamgyong) ឆ្ពោះទៅសមុទ្រនៃឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ។
KCNA បានបន្ថែមថា អង្គភាពផ្សេងទៀតបានធ្វើការហ្វឹកហ្វឺនកម្លាំងបាញ់ប្រហារនៅកន្លែងរឹងមាំខ្លាំងជាច្រើន ដោយមិនមានការបាញ់គ្រាប់ពិតទេ។
KCNA ជាភាសាអង់គ្លេសបាននិយាយថា “កាំជ្រួចយុទ្ធសាស្ត្រចំនួនបួនបានបាញ់ដល់គោលដៅដែលបានកំណត់ទុកជាមុនបន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបនិងគន្លងរាងប្រាំបីជ្រុងចម្ងាយ ២.០០០ គីឡូម៉ែត្រ ក្នុងថេរវេលា ១០.២០៨ វិនាទីរហូតដល់ ១០.២២៤ វិនាទី”។
KCNA បាននិយាយថា សមយុទ្ធនេះបានបង្ហាញពី “ជំហរសង្រ្គាមនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយពង្រឹងគ្រប់មធ្យោបាយនូវសមត្ថភាពវាយបកទប់ទល់នឹងនុយក្លេអ៊ែរដ៏សាហាវប្រឆាំងនឹងកងកម្លាំងអរិភាព”។
ការបាញ់សាកល្បងកាំជ្រួចនេះមិនត្រូវបានប្រកាសដោយកូរ៉េខាងត្បូងឬជប៉ុនទេ៕