ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ី​បាន​អះអាង​ថា លោក​ខាងលិច​មាន​ឆន្ទៈ​ទាញទម្លាក់​ពិភពលោក​ទាំង​មូលចូលក្នុង​ទីជ្រៅ​នៃ​សង្រ្គាម និង “លះបង់​អ៊ុយក្រែន” ដើម្បី​កម្ចាត់​លោក វ៉្លាឌីមៀ ពូទីន និង​កងទ័ព​ឈ្លានពាន​របស់គាត់។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេបិនហ្សា (Vasily Nebenzya) បានប្រាប់កិច្ចប្រជុំពិសេសនៃមហាសន្និបាតអ.ស.បថា សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួនមិនអើពើនឹង “ពួកណាស៊ីនិយមនៅអ៊ុយក្រែនទេ” ដើម្បីប្រើប្រទេសនេះកម្ទេចរុស្ស៊ី និងរក្សាអំណាចសកល ដែលនេះជាសម្តីទន្ទិញចាំមាត់របស់វិមានក្រឹមឡាំង ដែលគ្មានការទទួលស្គាល់ទូលំទូលាយ។

លោកណេបិនហ្សាបាននិយាយកាលពីថ្ងៃពុធ (ត្រូវថ្ងៃព្រហស្បតិ៍នៅកម្ពុជា) នៅមុនខួបលើកទីមួយនៃការលុកលុយរបស់រុស្ស៊ីថា “នៅក្នុងបំណងប្រាថ្នារបស់ពួកគេក្នុងការកម្ចាត់រុស្ស៊ីតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ពួកគេមិនអាចគ្រាន់តែលះបង់អ៊ុយក្រែនទេ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីទាញទម្លាក់ពិភពលោកទាំងមូលចូលទៅក្នុងទីជ្រៅនៃសង្គ្រាម”។

លោកបាននិយាយថា “ពួកគេកំពុងប្រកួតប្រជែងគ្នាទៅវិញទៅមកក្នុងចំនួនទណ្ឌកម្មដែលបានដាក់មកលើប្រទេសរបស់ខ្ញុំ ប៉ុន្តែទណ្ឌកម្មទាំងនេះតាមការពិតទៅកំពុងវាយលុកប្រទេសកំពុងអភិវឌ្ឍខ្លាំងបំផុតទៅវិញទេ”។

លោកណេបិនហ្សាបាននិយាយបែបនេះនៅឯការបើកកិច្ចពិភាក្សាស្តីពីសេចក្តីសម្រេចចិត្តថ្មីមួយដែលគាំទ្រដោយអ៊ុយក្រែននិងសម្ពន្ធមិត្តរបស់ខ្លួន ដោយអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង និងយុត្តិធម៌ចំពោះសង្រ្គាមរយៈពេលមួយឆ្នាំមកនេះ។

រុស្ស៊ីបានហៅការឈ្លានពាននេះថាជា “ប្រតិបត្តិការយោធាពិសេស” ប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ហើយបានចាត់ទុកការបញ្ជូនអាវុធធុនធ្ងន់ឱ្យទៅអ៊ុយក្រែនជាភស្តុតាងបង្ហាញថាលោកខាងលិចកំពុងបង្កើនសង្រ្គាម។ រដ្ឋាភិបាលក្រុងគៀវនិងសម្ពន្ធមិត្តបានហៅសកម្មភាពរបស់រុស្ស៊ីថាជាការដណ្តើមយកទឹកដីបែបចក្រពត្តិនិយម៕

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេបិនហ្សា