ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ នៅពេលអ្នកជាបុគ្គលសាធារណៈ អ្នកប្រហែលជាស៊ាំគ្រប់ទិដ្ឋភាពនៃពាក្យចចាមអារ៉ាមអំពីជីវិតរបស់អ្នក។

ប៉ុន្តែ​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង លោក សុង ជុងគី (Song Joong-ki) មិន​ពេញ​ចិត្ត​ទេ នៅ​ពេល​ដែល​ពាក្យ​ចចាម​អារ៉ាម​កំពុង​តែ​ផ្សព្វផ្សាយ​អំពី​ភរិយា​ថ្មី​របស់​លោក ខាធី ល្វីស សោនឌឺ (Katy Louise Saunders) ជំនួស​វិញនោះ។

អ្នកនិយមលេងអ៊ីនធឺណិតបានជីកកកាយពីអតីតកាលរបស់នាងខាធី ដោយប៉ាន់ស្មានថា នាងជាស្ត្រីមេម៉ាយ បន្ទាប់ពីរូបថតចាស់ៗបានលេចឡើងជាថ្មីអំពីអតីតតារាសម្តែងអង់គ្លេសរូបនេះចូលរួមក្នុងព្រឹត្តិការណ៍មួយទាំងមានផ្ទៃពោះ និងក្រោយមកមានកូនតូចម្នាក់ ដោយគេសន្មតថាជាកូនស្រីរបស់នាង។ ពួកគេថែមទាំងបានរកឃើញនាងនៅក្នុងការផ្សាយពាណិជ្ជកម្មចាស់ជាមួយលោក​ ចច គ្លូនី (George Clooney) ទៀតផង។

លោកជុងគី វ័យ ៣៧ ឆ្នាំបានប្រាប់វេបសាយ GQ Korea នៅក្នុងបទសម្ភាសន៍ថ្មីៗនេះអំពីការពិនិត្យពិច័យលើប្រពន្ធរបស់គាត់ថា “ដំបូងឡើយ វាគ្មានរឿងស្អីទេ។ វាជារឿងធម្មតាសម្រាប់ពួកយើង ហើយបើទោះបីជាមនុស្សភាគច្រើនបានដឹងអំពីវាក៏ដោយ ក៏ស្នេហារបស់យើងនៅតែមិនផ្លាស់ប្តូរ”។

“ប៉ុន្តែនៅពេលដែលរឿងមិនសមហេតុសមផលចេះតែកើនឡើង ខ្ញុំពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់។ លើកលែងតែឈ្មោះសាកលវិទ្យាល័យដែលនាងចូលរៀន ពាក្យចចាមអារ៉ាមភាគច្រើនគឺមិនពិតទេ”។

រូបគេបានបន្ថែមថា ខាធី អាយុ ៣៨ ឆ្នាំគឺជាអ្នកដែលធ្វើឱ្យគាត់ស្ងប់អារម្មណ៍ ៖ «ខណៈការខកចិត្តរបស់ខ្ញុំកើនឡើង ខាធីបានប្រាប់ខ្ញុំថា “មិនចាំបាច់ខឹងមនុស្សទាំងនេះទេ”។ ខ្ញុំមិននិយាយច្រើនលើរឿងហ្នឹងទេ ប៉ុន្តែនាងជាប្រភេទមនុស្សបែបនោះ។ នាងធ្វើឱ្យខ្ញុំចេះគិតវិជ្ជមាន ហើយយើងធ្វើឱ្យមានតុល្យភាពចំពោះគ្នាទៅវិញទៅមក»។

គូស្នេហ៍មួយគូនេះរំពឹងកូនរបស់ពួកគេនឹងចាប់កំណើតឆាប់ៗ ហើយជុងគីបានប្រកាសអាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងសំបុត្រមួយនៅលើហាងកាហ្វេផ្លូវការរបស់គាត់កាលពីថ្ងៃទី ៣០ ខែមករា៕

ជុងគីមិនសប្បាយចិត្តទេ ពេលគេនិយាយចចាមអារ៉ាមមិនពិតច្រើនពេកអំពីប្រពន្ធខាធីរបស់គាត់