ដោយ: បូកគោ / កំពត: អភិបាលក្រុង បានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការជក់បារី ពាសវាលពាសកាល ពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ការជក់បារី និងសូមឱ្យគ្រប់ផ្នែក ពាក់ព័ន្ធ ជួយផ្សព្វផ្សាយបន្ថែម បន្ទាប់ពីក្រុងកំពត ជាប់ឈ្មោះជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។

លោកអភិបាលក្រុងកំពត បានអំពាវនាវដូច្នេះ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលរដ្ឋបាលក្រុងនេះ បានរៀបចំយុទ្ធការផ្សព្វផ្សាយ នូវប្រធានបទ “យើងរួមគ្នាកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ថ្នាំជក់គ្រប់ប្រភេទ ដើម្បីទីក្រុងគ្មានផ្សែងបារី” នៅបរិវេណរមណីយដ្ឋានស្រះឈូក។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានមានប្រសាសន៍ថាៈ ក្រុងកំពតបានជាប់ ឈ្មោះ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។ ក្រុងទេសចរណ៍ គ្មានផ្សែងបារី មិនមែន មានន័យថា ហាមមិនឱ្យជក់បារីទេ ប៉ុន្តែត្រូវជក់នៅកន្លែងដែលគ្មានផលប៉ះពាល់ ដល់អ្នកដទៃ។

លោកអភិបាលក្រុង បានបញ្ជាក់ថាៈ យុទ្ធនាការនេះ មានបំណងផ្សព្វផ្សាយ និងជំរុញដល់ មន្ត្រីរាជការ នៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ក្នុងក្រុងកំពត ចូលរួមអនុវត្ត ហើយផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាកាត់បន្ថយ ឬលុបបំបាត់ការជក់បារីតែម្តង។

ជុំវិញខ្លឹមសារនេះ យុវជនខេត្តកំពតបានបង្ហាញការគាំទ្រ និងពេញចិត្តដែលក្រុងកំពត ជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ ក្រុមយុវជន បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ សូមកាត់បន្ថយ ឬឈប់ពិសាបារីតែម្តង ដើម្បីបញ្ចៀសផលប៉ះពាល់ សុខភាព ផ្ទាល់ខ្លួន និងអ្នកនៅជុំវិញ។

តាមការបញ្ជាក់របស់លោកអភិបាលក្រុងកំពតថា ក្រុងកំពត នឹងទទួលបានពានរង្វាន់ មួយទៀត គឺទីក្រុងស្អាតថ្នាក់ជាតិ “ផ្ការំដួលបីទង”។ នេះជាពានរង្វាន់លើកទី៣ ដែលរដ្ឋបាលខេត្តកំពត នឹងធ្វើដំណើរទៅទទួលយកពានរង្វាន់នោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕/V-PC