ដោយ: សុខុម / ស្ទឹងត្រែង: លោក យ៉ា ណារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជា ប្រធានសាលាដំបូង ខេត្តស្ទឹងត្រែង បានចេញដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច ចាប់ខ្លួនមន្ត្រីអាវុធហត្ថ ពីរនាក់ យកទៅឃុំដាក់ពន្ធនាគារខេត្ត បន្ទាប់ពីសាលក្រម បានចូលជាស្ថាពរ ក្នុងសំណុំរឿងអំពើហិង្សារមួយ កាលពីបីឆ្នាំមុន។ ប៉ុន្តែឥឡូវនេះ ជនជាប់ចោទទាំងពីរនាក់ កំពុងរត់គេចខ្លួន ពីសំណាញ់ច្បាប់នៅឡើយ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន មន្ត្រីអាវុធហត្ថ ពីរនាក់ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយចោទប្រកាន់ ទី១ ឈ្មោះ សុខ រិទ្ធី ភេទប្រុស អាយុ ៤៦ ឆ្នាំ អតីតមេបញ្ជាការ កងរាជអាវុធហត្ថស្រុកសេសាន មានទីលំនៅបច្ចុប្បន្ន ភូមិលើ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង។ ទី២ ឈ្មោះ ម៉ុង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មន្ត្រីកងរាជអាវុធហត្ថខេត្ត បច្ចុប្បន្ន មានទីលំនៅ ភូមិកណ្ដាល សង្កាត់-ក្រុង- ខេត្តស្ទឹងត្រែង។
ដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ទាំងពីរនាក់ ខាងលើ ត្រូវដាក់ក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែង ក្នុងម្នាក់ៗ រយៈពេល ៦ឆ្នាំ លើសំណុំរឿងព្រហ្មទណ្ឌ ពីបទហិង្សាដោយ ចេតនា មានស្ថានទម្ងន់ទោស ដោយសារពិការភាព។ នេះបើយោងតាមដីកាបញ្ជូនរបស់ លោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្ទឹងត្រែង លេខ០៦ /២៣ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីអាវុធហត្ថទាំងពីរនាក់ ខាងលើ បានប្រើអំពើហិង្សា ទៅលើបុរសអ្នកលក់អាហារពេលយប់ម្នាក់ រហូតពិការភ្នែក ក្នុងជម្លោះ គឺផ្ដើមចេញពីជម្លោះពាក្យសម្ដី។ កាលនោះ មន្ត្រីអាវុធហត្ថ មិនបានចូលខ្លួនដោះស្រាយ ជាមួយក្រុមគ្រួសារជនរងគ្រោះឡើយ។ ហើយសំណុំរឿង បានចូលជាស្ថាពរ ទើបតុលាការខេត្តស្ទឹងត្រែង ក៏សម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទដាក់ ក្នុងពន្ធនាគារ។
មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនជាប់ចោទទាំងពីរនាក់ កំពុងរត់គេចខ្លួន ពីសំណាញ់ច្បាប់៕/V-PC