ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទារកម្នាក់រីកមាឌធំខ្លាំងឡើងរហូតមានទម្ងន់ដូចក្មេងអាយុ៨ឆ្នាំ ហើយត្រូវស្លៀកពាក់សម្លៀកបំពាក់ឪពុករបស់វា។
មូហាម៉ាត់ កេនហ្ស៊ី អាលហ្វារ៉ូ (Muhammad Kenzi Alfaro) មានអាយុទើបតែ ១៦ ខែប៉ុណ្ណោះ ប៉ុន្តែមានទម្ងន់ជាង ២៧ គីឡូក្រាម ហើយត្រូវស្លៀកខោទឹកនោមទំហំ XXXL។
ទារកជាមធ្យមនៅអាយុប៉ុនក្មេងនេះគឺមានទម្ងន់ប្រហែលមួយភាគបីនៃទំហំរបស់វា គឺ ១០ គីឡូក្រាម។
វីដេអូមួយ ដែលថតនៅផ្ទះរបស់ក្មេងនេះនៅតំបន់បានឌុង (Bandung) ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញម្តាយរបស់ក្មេងឈ្មោះ ផាទ្រីយ៉ា (Patriah) សើចចុកពោះ នៅពេលគាត់ខំប្រឹងពរក្មេងនេះបញ្ឈរត្រង់។
កេនហ្ស៊ីពាក់អាវយឺតពណ៌បៃតងដែលមានលេខ ២ នៅលើខ្នង ដែលមើលទៅមានទំហំតូចចង្អៀត ខណៈក្មេងនេះងើបឈរបង្អួតរាងបានមួយភ្លែត។
ក្មេងនេះញ៉ាំអាហារសម្រន់និងលេងជាមួយរបស់របរក្មេងលេង ខណៈគ្រួសាររបស់គេប្រមូលផ្តុំគ្នាជុំវិញវាជាក្រុមដើម្បីជួយមើលថែវា។
លោកស្រីផាទ្រីយ៉ាបានពន្យល់ពីភាពលំបាកនៃស្ថានភាពនេះ ដោយសារតែកេនហ្ស៊ីអង្គុយលែងត្រូវជាមួយរទេះរុញរបស់គេតទៅទៀត ប៉ុន្តែឪពុកម្តាយរបស់វាក៏ពិបាកលើកវាឡើងផងដែរ ហើយវាមិនអាចអង្គុយទប់ខ្លួនឯងជាប់នោះទេ។
កេនហ្ស៊ីមានទម្ងន់ ៤,៥ គីឡូក្រាមនៅពេលកើត ដែលជាទំហំធំមួយ ប៉ុន្តែជាធម្មតាមិនមែនជាមូលហេតុគួរឱ្យព្រួយបារម្ភនោះទេ ព្រោះក្មេងទើបនឹងកើតភាគច្រើនមានទម្ងន់ចន្លោះពី ២,២៥ គីឡូក្រាមទៅ ៣,៦ គីឡូក្រាម។
លោកស្រីបាននិយាយថា “រូបរាងឪពុករបស់គេក៏តូចដែរ។ សម្លៀកបំពាក់របស់ឪពុកគេគឺត្រូវនឹងវាតែម្តង ហើយពេលខ្លះខោអាវរបស់ឪពុកគេត្រូវបានយកមកពាក់ឱ្យកូនប្រុសខ្ញុំផងដែរ”៕