ដោយៈ ប.ខុន / ភ្នំពេញៈ អាងទឹករក្សា ស្ថិតនៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ ដែលបានសាងសង់រួច កាលពីចុងឆ្នាំ២០២២ បានបិទទ្វារតម្កល់ទឹក សាកល្បងទំនប់ថ្មី នៅឆ្នាំដំបូង ត្រឹមកម្ពស់ ៤៦ ម៉ែត្រ ស្មើនឹង ១៨០ លានម៉ែត្រគូប។ ពេលនេះ គេមិនទាន់បានទាញយកទឹក ពីក្នុងអាងរក្សា ទៅប្រើប្រាស់ នៅក្នុងខេត្តព្រះ វិហារ នៅឡើយទេ ដោយសារមិនទាន់មានប្រព័ន្ធស្រោចស្រព។ ទ្វាររបស់អាងទឹក នៅពេលនេះ ត្រូវបានបើកកម្ពស់ ០,៣ ម៉ែត្រ ដើម្បីបញ្ចេញទឹកចិញ្ចឹមស្ទឹងសែន និងត្រូវបានទាញយកទៅប្រើប្រាស់ នៅក្នុងខេត្តកំពង់ធំ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ថាៈ អាងទឹករក្សា ស្ថិតនៅក្នុងស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ បានសាងសង់រួចជាស្ថាពរ ហើយ កាលពីចុងឆ្នាំ២០២២ និងបានចាប់ផ្តើមបិទទ្វារ តម្កល់ទឹកទុកសាកល្បង ឆ្នាំដំបូង ត្រឹមកម្រិតកម្ពស់ ៤៦ ម៉ែត្រ ស្មើនឹងប្រមាណជា ១៨០ លានម៉ែត្រគូប នៅពេលនេះ (២៤កុម្ភៈ) ។ កម្រិតកម្ពស់ អតិបរមា ៥០ ម៉ែត្រ បើបិទទ្វារទុក ឱ្យទឹកឡើងដល់កម្ពស់ ៤៩ ម៉ែត្រនោះ បរិមាណទឹក នៅក្នុងអាង កើនឡើងដល់ ២៥៦ លានម៉ែត្រគូប តែដោយសារឆ្នាំនេះ ជាឆ្នាំដំបូង ទំនប់ថ្មី ការរក្សាទឹកទុកតែត្រឹមកម្ពស់ ប្រមាណជា ៤៦ ម៉ែត្រប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកដែលបានរក្សាទុក នៅក្នុងអាងប្រមាណជា ១៨០ លានម៉ែត្រគូប ពេលនេះ មិនទាន់បានទាញយកទៅ ប្រើប្រាស់ លើការដាំដុះ នៅក្នុងខេត្តព្រះវិហារ នៅឡើយទេ ដោយសារមិនទាន់មាន ប្រព័ន្ធស្រោចស្រព។ អាងទឹករក្សា ពេលនេះ ត្រូវបានបើកទ្វារកម្ពស់ ០,៣ ម៉ែត្រ ដើម្បីបញ្ចេញទឹកសម្រាប់ចិញ្ចឹមស្ទឹងសែន ដែលមានការទាញយក ទៅស្រោចស្រព ដំណាំស្រូវ នៅសងខាងស្ទឹង ក្នុងខេត្តកំពង់ធំ។ អាងទឹករក្សា ស្ថិតនៅក្នុងខេត្តព្រះវិហារ រក្សាទឹកទុក សម្រាប់ស្រោចស្រពដំណាំស្រូវ សំខាន់ នៅក្នុងខេត្តកំពង់ធំ និងទប់ស្កាត់​ទឹកជំនន់ នៅក្នុងរដូវវស្សា។

គម្រោងសាងសង់ អាងទឹករក្សា បានចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangd ong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដោយប្រើប្រាស់ហិរញ្ញប្បទាន ចំនួនប្រមាណជា ៩៥ លានដុល្លារ បានមកពីសាធារណរដ្ឋប្រជាមានិតចិន ។

ការងារ នៅក្នុងគម្រោងសាងសង់ អាងទឹករក្សា មានដូចជា សាងសង់ទំនប់បេតុងប្រវែង ៥០ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរិមា ២៤,៥ ម៉ែត្រ និងសាងសង់សំណង់ ទ្វារ ទឹកសរុបចំនួន ៣ កន្លែង ដោយទ្វារទឹកនីមួយៗ មានទំហំ ៤ ម៉ែត្រ គុណនឹង ៤ ម៉ែត្រ ទំនប់ដី (ខាងឆ្វេង) មានប្រវែង ៩៩៨,៦ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរិមា ១១ ម៉ែត្រ ទំនប់ដី (ខាងស្តាំ) ប្រវែង ១.៦៥៦ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់ អតិបរិមា ១១ ម៉ែត្រ ទំនប់ដីរង ប្រវែង ៦៥៥ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរិមា ៧ម៉ែត្រ សំណង់បង្ហៀ ប្រវែង ២៥១ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរិមា ២៤,៥ ម៉ែត្រ មានទ្វារទឹកសរុបចំនួន ២០ ដោយទ្វារទឹកនីមួយៗ មានទំហំ ១០ ម៉ែត្រ គុណនឹង ១៤,៥ ម៉ែត្រ ។

ក្រោយពេលសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួន ប្រមាណ ២៥៦ លានម៉ែត្រគូប សម្រាប់ស្រោចស្រព លើផ្ទៃដីកសិកម្ម ចំនួន ១៤៣.៣២៣ ហិកតា នៅ រដូវវស្សា និងប្រមាណ ២២.៨៧៨ ហិកតា នៅរដូវប្រាំង ដែលភាគច្រើន ស្ថិតនៅក្នុង ខេត្តកំពង់ធំ ។ អាងទឹករក្សា មានតួនាទី ក្រៅពីរក្សាទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម  គឺនៅបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ ទឹកស្អាត តាមតំបន់មួយចំនួន នៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ ផងដែរ ៕/V-PC