អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ប្រឡាយ​មួយ​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​

1127
ចែករម្លែក
  • 29
    Shares

​ដោយ​: បាយ័ន / សៀមរាប​: ប្រឡាយ​បុរាណ​មួយ​ខ្សែ ដែលមាន​ប្រវែង ១៣០០​ម៉ែត្រ នៅ​ភូមិ​គិរី​មាន​ន្ទ និង​ភូមិ​បង្កោង ត្រូវបាន​ស្តារ​រួចរាល់​ជា​ស្ថាពរ ក្រោយ​ចំណាយពេល​ជិត​៣​ខែ​កន្លងមក តាមរយៈ​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​។ ប្រឡាយ​បុរាណ​នេះ​ផងដែរ ត្រូវបាន​ដាក់ជូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ព្រៀន ប្រម មេឃុំ​អំពិល​បញ្ជាក់ថា ក្នុងនាម​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់ លោក​ពិតជា​រីករាយ​ដែល​ទទួលបាន​នូវ​ប្រឡាយ​នេះ​ឡើងវិញ​។ លោក​មេឃុំ​អំពិល ក៏បាន​បញ្ជាក់ថា ពីមុន​ប្រឡាយ​ខះ​រីង​ទឹក​ស្ងួត​មិនមាន​ទឹក​នោះទេ​ក្នុង​រដូវវស្សា តែ​ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​របស់លោក​នឹងមាន​ឱកាស​ដាំ​ដំណាំ​កសិកម្ម និង​ស្រែចម្ការ​ផ្សេងៗ​បាន​ហើយ ទោះជា​ក្នុង​រដូវប្រាំង​ក៏ដោយ​។

​លោក ភូ ភក្តី តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​បាន​លើកឡើងថា លោក​ពិតជា​រីករាយ​ដែល​បានរួម​ចំណែក​ក្នុងការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅទីនេះ​។ លោក​សង្ឃឹមថា នាពេលខាងមុខៗ​ទៀត ក្រុមហ៊ុន​របស់លោក​អាច​នឹងមាន​គម្រោង​ជួយ​ប្រជាពលរដ្ឋ​ថែមទៀត អាស្រ័យ​លើ​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។

​លោក ម៉ក់ សំភារ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង​ក៏បាន​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ​ដែល​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នូវ​ប្រឡាយ សម្រាប់​តម្កល់​ទឹក​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​។ លោក​បញ្ជាក់ថា នេះ​ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ដ៏​លើសលុប​ដែល​កើតឡើង​ក្នុង​សម័យកាល​នៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​តែង​គោរព​និង​ដើរ​តាម​គោល យោ​បាយ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះហើយ ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មិន​ភ្លេច​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក​អគ្គនាយករង​ក៏បាន​បញ្ជាក់ថា នេះ​សបញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ប្រទេស ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាពិសេស គឺ​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ដែល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខសន្តិភាព​ជាតិ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​ផ្សារភ្ជាប់​នឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​កូនចៅ​គ្រប់​ជំនាន់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម