ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ បានប្រាប់ឲ្យដឹងថាៈ នៅថ្ងៃទី២៧ កុម្ភៈ ខាងមុខ ក្រុមបាល់ទាត់ អាយុក្រោម ២២ ឆ្នាំកម្ពុជា ដែលជាក្រុមសម្រាប់លេង នៅស៊ីហ្គេមឆ្នាំ២០២៣ នេះ នឹងចេញទៅបោះជម្រំ ហ្វឹកហាត់ នៅកោះសាមុយ ប្រទេសថៃហើយ។

ការចេញទៅបោះជម្រំហ្វឹកហាត់ លើកទី១ ក្រោមការដឹកនាំរបស់លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម ដើម្បីសម្រាំងយកកីឡាករឆ្នើម ២៣ នាក់ ចុងក្រោយ ដើម្បីចូលរួមប្រកួតស៊ីហ្គេម។

ការបោះជម្រំហ្វឹកហាត់ លើកទី១ របស់ក្រុមជម្រើសជាតិ U22 កម្ពុជា នៅកោះសាមុយ ប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ខានស្អែកនេះ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

អំឡុងពេលបោះជំរំហ្វឹកហាត់នៅថៃ ក្រុមគោព្រៃជំទង់កម្ពុជា នឹងមានការប្រកួតមិត្តភាព កម្ដៅសាច់ដុំ ជាមួយក្រុមខ្លាំងៗមួយចំនួន។ បន្ទាប់មក ក្រុម U22 កម្ពុជា មានផែនការ ទៅប្រកួត មិត្តភាពអន្ដរជាតិ ចំនួន ២ប្រកួតទៀត នៅទឹកដីសិង្ហបុរី ដោយគ្រោងជួបក្រុម ម្ចាស់ផ្ទះសិង្ហបុរី និងក្រុមជម្រើសជាតិម៉ាឡេស៊ី នាខែមីនាខាងមុខ ។

ក្រោយត្រឡប់ពីសិង្ហបុរីវិញ ក្រុម U22 កម្ពុជា គ្រោងនឹងចេញទៅបោះជំរំហ្វឹកហាត់នៅថៃ ម្ដងទៀត ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ដ្រ ឲ្យបានខ្លាំង រហូតដល់ ការប្រកួតកីឡាស៊ីហ្គេមតែម្ដង ។

កីឡាករ ៣០នាក់ ដែលបានកោះហៅ គឺមានសមាជិកក្លិបវិសាខា ៦រូប (សារ ទី, វឿន វ៉ា, ស៊ិន សុវណ្ណាមករា, ស រតនា, ចាន់ សារ៉ាពេជ្រ និង ឡេង ណូរ៉ា) ។ ក្លិបព្រះខ័នរាជ ស្វាយរៀង ៦នាក់ (វីរៈ ដារ៉ា, មិន រតនៈ, វី លាភផេង, នី សុខរី និង អ៊ាន ពិសី) ។ ក្លិបបឹងកេត ៥នាក់(កយ សាលីម, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, វ៉ាំង ដាវីន និង សៀង ចន្ធា) ។ ក្លិបណាហ្គាវើលដ៍ ៤នាក់ (រ៉េត លីហេង, លីម អារុណ រ៉េយមិន, ជា សុខម៉េង និង ផាត សុខា) ។ ក្លិបភ្នំពេញក្រោន ៣នាក់(ឈុំ សុខហៃ, កើត ពេជ្រ និង លឹម ពិសុទ្ធ) ។ កងយោធពលខេមរភូមិន្ទ ២នាក់ (ញាន សុស៊ីដាន និង ទេព ហ្វីលីព) ។ ក្លិបអង្គរថាយហ្គឺរម្នាក់ (សុខផល ឌីម៉ង) ។ ក្លិបសូលទីឡូអង្គរម្នាក់(អ៊ីម វ៉ាឃីម) ។ ក្លិបអគ្គិសនីកម្ពុជាម្នាក់ (ហាវ សុខនេត) និងសមាជិកក្លិបព្រៃវែងម្នាក់(គី រីណា)។
ក្នុងនាមម្ចាស់ផ្ទះ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាបាល់ទាត់បុរស កម្ពុជាបាន កំណត់វិញ្ញាសាប្រកួតអាយុក្រោម ២២ឆ្នាំ មិនមានកូតាកីឡាករលើសអាយុឡើយ៕ V / N