ដោយៈ ចាន់តូ / ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវបានប្តី ប្រើប្រាស់ខ្សែភ្លើងឆក់ វាយបណ្តាលឲ្យ ស្លាប់ រួចបម្រុងដឹកសពចេញ ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ដឹងរឿងតាមកូនស្រីជនរងគ្រោះ បានប្រាប់ ហើយនាំគ្នាចូលទៅក្នុងផ្ទះមើល ធ្វើឲ្យជនដៃដល់ ទាញម៉ូតូជិះគេចទៅបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខ A11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរ បើកសាឡន រស់នៅផ្ទះ កើតហេតុ និងមានទីលំនៅ ផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី ១នាក់ អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុក ។ ចំណែកជនដៃដល់ ជាប្តី មានឈ្មោះ មូល ណេត អាយុ ៦៣ ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក បានជិះម៉ូតូហុងដា ស្កុបពី គេចខ្លួនបាត់ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា គ្រួសារខាងលើ ប្រពន្ធរស់នៅស្រុកខ្មែរ រីឯប្តីរស់នៅឯ សហរដ្ឋអាមេរិក ប្តីតែងតែឈ្លោះរករឿងប្រច័ណ្ឌ ពេលមកស្រុកខ្មែរ ជួនឈ្លោះគ្នា តាមអនឡាញ ក៏មាន ដោយសារតែភ្លើងប្រច័ណ្ឌ ។ ស្រាប់តែនៅវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីខាងប្តី មិនបានផ្តល់ដំណឹងប្រាប់មុន ឡើយ ស្រាប់តែឃើញមុខ មកដល់ស្រុកខ្មែរ។

បើតាមអ្នកជិតខាង បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជាប្តី គ្រាន់តែចូលដល់ផ្ទះ ទាញទ្វារបិទជិត ឈ្លោះរករឿងប្រពន្ធ តែគ្មានអ្នកណា ចូលសួរនាំ ស្មានតែប្តីប្រពន្ធ ឈ្លោះគ្នា តែពាក្យសម្តី ក៏ស្ងាត់បាត់ទៅវិញ គ្មានអ្នកណា ចាប់អារម្មណ៍ រហូតដល់វេលា ម៉ោង ១០ ព្រឹកថ្ងៃដដែល កូនស្រីរបស់ជនរងគ្រោះ បើកទ្វារចេញក្រៅ បាននិយាយប្រាប់ គេឯងពីសកម្មភាពរបស់ឪពុក ទើបនាំគ្នាផ្អើល ប្រាប់សាច់ញាតិក្បែរនោះ នាំគ្នាចូលទៅ មើល ស្រាប់តែជនដៃដល់ជាប្តី សម្រុកឡើងជិះម៉ូតូហុងដា ស្កុបពី គេចចេញទៅបាត់។ ពលរដ្ឋ អ្នកជិតខាង នាំគ្នាចូលមើល ឃើញជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យ ឆក់ខ្សែភ្លើង វាយ ច្រកដាក់ក្នុងថង់ សម្រាប់ដាក់អាវធំ ក៏នាំគ្នាស្រាយដឹកតាមម៉ូតូ យកទៅពេទ្យ តែជាអកុសល ស្ត្រីរងគ្រោះ បានស្លាប់បាត់ហើយ ទើបដឹកវិលមកផ្ទះវិញ ។

ក្រោយពីកើតរឿងឃាតកម្មខាងលើ ផ្អើលសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងមន្ត្រីជំនាញ ចុះទៅពិនិត្យសាកសួរ ដល់ទីតាំងផ្ទះកើតហេតុ និងបានហ៊ុមព័ទ្ធបិទផ្ទះកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕ V / N