ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញៈ ផ្ទុះការគាំទ្រជាថ្មី ចំពោះតារាចម្រៀង ករុណា ពេជ្រ ក្រោយបានឡើងឆាក ក្នុងកម្មវិធីចម្រៀង Wall Song របស់ស្ថានីយ៍ទូរទស្សន៍ PNN ជាមួយនឹងតារាចម្រៀង សំលេងក្រអួនក្រអៅ ចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា កាលពីពេលថ្មីៗនេះ។
ថ្វីដ្បិតតែសំលេងបែបក្រអួនក្រអៅ មានតែមួយគ្មានពីរ របស់អ្នកនាង ម៉េង កែវពេជ្ជតា អាចធ្វើឱ្យអ្នកស្តាប់ អន្លង់អន្លោច តាមអត្ថន័យបទចម្រៀងក្តី តែការទស្សន៍ទាយ របស់ តារាចម្រៀង ករុណា ពេជ្រ មិនត្រូវនោះទេ។
ក្រោយបកស្រាយបទចម្រៀង «អ្នកកំដរ» រួមគ្នា ករុណា ពេជ្រ ហួសចិត្តដែលខ្លួន មិនអាចទស្សន៍ទាយត្រូវ តារាចម្រៀង រូបណា ដែលត្រូវជាដៃគូច្រៀង ក្នុងកម្មវិធីនោះ ឡើយ។ តាមរូបភាពបែបហួសចិត្ត ស្មានមិនដល់ ថាខ្លួនបានច្រៀង ជាមួយនឹងរៀមច្បង បែបនេះ។ ជាមួយនឹងរូបភាព ដែលឆ្លុះបញ្ចាំងពីការគោរព និងភាពរំភើប ករុណា ពេជ្រ បានធ្វើឱ្យអ្នកនាង ម៉េង កែវពេជ្ជតា កោតសរសើរពីទង្វើ ដែលចះគោរពឱនលំទោន ចំពោះចាស់ទុំ ជាពិសេស រៀមច្បងសិល្បករ។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន អ្នកនាង ពេជ្ជតា បានរៀបរាប់ថាៈ “ករុណា ពេជ្រ គាត់ធ្វើឱ្យរៀមច្បង កោតសរសើរណាស់ នូវកាយវិកាគោរពរបស់គាត់ ចំពោះខ្ញុំ ជាសិស្សច្បង ។ អរគុណកាយវិកាដ៏មានគុណធម៌ និងក្រមសីលធម៌ខ្ពស់របស់ប្អូន ។ អរគុណពិធីករ ដ៏ក្រមិចក្រមើម ប្អូន ប៉ែន ចំរ៉ុង អរគុណប្អូនៗទាំងអស់គ្នាដែរ ប្អូនប្រុស ណារ៉ា ប្អូនស្រី ស៊ឹម ថៃណា ប្អូនប្រុស អាន គុណកូឡា ប្អូនស្រី អុីវ៉ា ប្អូនៗទាំងអស់គ្នា គួរឱ្យស្រលាញ់ណាស់”។
សូមបញ្ជាក់ជូនថា ពេលធ្វើការទស្សន៍ទាយ គេ Edite សម្លេងពេជ្ជតា បើស្តាប់ផ្ទាល់ មិនអាចស្តាប់បានថា ជានរណាឡើយ ។
ចំណែកតារាចម្រៀង ករុណា ពេជ្រ បានឱ្យដឹងថាៈ ខ្លួនមានអារម្មណ៍រំភើប និងស៊ូប្រាយ (Suprise) មែនទែន ដែលខ្លួនបានឡើងឆាកតន្រ្តីជាមួយ សូម្បីតែគិតថា គាត់ជាតារា អាថ៍កំបាំង ក៏មិននឹកស្មានដល់ លោកថា គ្រាន់តែគេបើកជញ្ជាំង គឺខ្លួនស្រឡាំងកាំង តែម្តង ដែលបានឃើញវត្តមាន អាយឌលរបស់ខ្លួន ជាពិសេសគឺ រៀមច្បង ម៉េង ពេជ្ជតា ដែលជាកំពូលតារាចម្រៀង លំដាប់ប្រទេសមួយរូប ហើយមកចូលរួមក្នុងកម្មវិធី ជាជាដៃគូទស្សន៍ទាយ ជាមួយខ្លួនបែបនេះ។
បន្ថែមពីលើនោះទៀត គឺការដែលខ្លួនស្រឡាំងកាំង ពេលនោះ គឺមើលមិនស្គាល់ ដោយសារតែការតែងខ្លួន ប្លែករបស់ អ្នកនាង ម៉េង កែវពេជ្ជតា គ្រាដែលងាកមើលពីរ បី ដងហើយ ទាល់តែអ្នកនាង ដោះវ៉ែនតាចេញ ទើបស្គាល់ ដូចនេះហើយ បានជាកាយវិការ សំពះ និងទន់ជើងនោះ គឺកើតចេញពីការមិនស្មានដល់ថា ជាអ្នកនាង ម៉េង កែវពេជ្ជតា៕/V-PC