ដោយៈ គង់ហេង / កំពង់ចាម៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងស្នើឱ្យក្រុមហ៊ុន ស្ថាបនាពង្រីកផ្លូវលេខ៧ រង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បំពាក់កាមេរ៉ា ត្រួតពិនិត្យល្បឿនរថយន្ត និងបំពាក់ស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តដឹកជញ្ជូនលើសទំងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យ ដោយស្វ័យប្រវត្តិ (AL AND WEIGH-IN-MOTION)។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង ក្នុងកិច្ចប្រជុំមួយ នៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ កុម្ភៈនេះថាៈ គម្រោងពង្រីកផ្លូវ និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ នេះ មានប្រវែងសរុប ជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗ មានប្រវែង ៣,៧៥ ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ ម៉ែត្រ មានទទឹង ២៤ ម៉ែត្រ ស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ ម៉ែត្រ មានទទឹង ១២ ម៉ែត្រ និងពង្រីកបន្ថែមស្ពាន ចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣៣០ កន្លែង។
លោកបានបន្តថាៈ ក្នុងនោះ នឹងបំពាក់កាមេរ៉ា ត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យ ដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាម បទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕ V / N