ដោយៈ សុផល / ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែងដែលមានឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប នឹងមកចូលរួម ព្រឹត្តិការណ៍អបអរសាទរខួប ៣ ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន និងការតាំងពិព័រណ៍ផ្លាកលេខ រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន នៅថ្ងៃទី ៧-៨ មីនា ២០២៣។ នេះបើតាមការឱ្យដឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ក្រសួងសាធារណការ បានប្រកាសថា៖ នៅថ្ងៃទី ៧-៨ ខែមីនា ឆ្នាំ២០២៣ នឹងរៀបចំ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរខួប ៣ ឆ្នាំ នៃការបង្កើតលេខពិសេសផ្ទាល់ ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេស ផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរ​ពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។

កម្មវិធីនេះ ក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែង ពីតារាចម្រៀងជាច្រើនដួង រួមមាន លោក វណ្ណដា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង​ ចាន់កែវ​ និមល កញ្ញា សូហ្វៀ កញ្ញា អេណាវីតា ​ រ៉ូលីន និង លោក វណ្ណថាន លោក ខាយ លោក ខាត់ សម្បត្តិកិត្យា ក្រុម Polarix និងក្រុម La Cima Cartel​។

តាមរយៈកម្មវិធីនេះ បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេង ល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។ ចំពោះទីតាំង ធ្វើនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់​ម៉ោង ៩ យប់ ៕ V / N