ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈនាថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង សាខាពន្ធដារ ខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំងបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ឹង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងក្រុង មន្ត្រីសាខាពន្ធដារខេត្ត ចៅសង្កាត់ទាំង៤ និងមេភូមិ និងស្មៀនចូលរួមផងដែរ ។
លោក ហ៊ឹង ភ័ព្វមិនា បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះពិតជាមានសារ:សំខាន់សម្រាប់អាជ្ញាធរមូលដ្ឋានដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយល់ដឹងកាន់តែច្បាស់អំពីការបង់ពន្ធជូនរដ្ឋ។
លោក វង្ស ឌីណា បានមានប្រសាសន៍លើកឡើងនូវចំណុចប្រភេទពន្ធបីសំខាន់ៗ ដែលជាអត្ថប្រយោជន៍ និងគុណ ប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ អំពីការរៀបចំធ្វើពន្ធប្រថាប់ ត្រាលើការផ្ទេរកម្មសិទ្ធិ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅក្នុងក្រុងដើម្បីឲ្យប្រជាពលរដ្ឋបានដឹង អំពីគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលសំរាប់បង់ពន្ធលើអចលនទ្រព្យ និងបម្រើដល់អត្ថប្រយោជន៍ លើការងារគ្រប់គ្រង និងបង់ពន្ធអចលទ្រព្យនាពេលអនាគត។
លោក វង្ស ឌីណា ក៏បានលើកនូវបទ ពិសោធន៍ល្អៗមួយ ចំនួន ដើមី្បឲ្យអង្គប្រជុំធ្វើការឆ្លុះបញ្ចាំងទៅលើការងារបង់ពន្ធអចលនទ្រព្យនៅតាមមូលដ្ឋាន ទាំងដីធ្លីមានប័ណ្ណកម្មសិទ្ធិ និងមិនមានប័ណ្ណកម្មសិទ្ធិ និងប័ណ្ណកាន់កាប់ គឺត្រូវតែទៅបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធទៅតាមការកំណត់របស់រដ្ឋ។
លោក វង្ស ឌីណា ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយនៅច្បាប់គ្រប់គ្រងដីធ្លីងាយស្រួលក្នុង ការធ្វើកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អចលនទ្រព្យទាំងអស់ឲ្យចូលទៅបង់ពន្ធនៅសាខាពន្ធដារខេត្តដោយយោងតាមប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ជាពិសេសដើម្បីពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យនៅទូទាំងខេត្ត ដែលជាចំណូលថវិកាថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត៕/R