ដោយៈសុផល/ព្រះសីហនុ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។
លោក ទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។ ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។
នៅក្នុងគម្រោងនេះ ក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ទីតាំងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
គួររម្លឹកផងដែរថា៖ ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា។ ខ្សែផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាពជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕ P / N