ដោយ:បូកគោ/កែប: ខណ:ដែលលទ្ធផលនៃកិច្ចអភិវឌ្ឍតំបន់កម្សាន្តឆ្នេរកែបលេចចេញរូបរាងបណ្តើរៗតាមរយ:ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ សោភ័ណភាពនោះបានធ្វើឱ្យភ្ញៀវទេសចរចាប់ផ្តើមពេញចិត្ត និងកោតសរសើរជំនួសភាពធុញទ្រាន់នាពេលកន្លងមក។
ក្រុមភ្ញៀវមកពីរាជធានីភ្នំពេញបានបញ្ចេញឱ្យដឹងនូវអារម្មណ៍ផ្ទាល់ខ្លួនថា កន្លងទៅ ពួកគាត់ធ្លាប់បានមកលេងខេត្តកែបញឹកញយដែរ តែហាក់ពោរពេញដោយភាពហ្មងសៅ ដូចជា អ្នកលក់ដូរយកថ្លៃក្រាលកន្ទេលអង្គុយនៅក្បែរឆ្នេរក្នុងតម្លៃមិនសមរម្យជាដើម ប៉ុន្តែពេលនេះអ្វីៗហាក់ផ្លាស់ប្តូរដោយអាជ្ញាធរបានកែលម្អទីតាំងដែលធ្លាប់មានវិវាទរវាងអ្នកលក់ និងភ្ញៀវនៅទីសាធារណ:ដើម្បីបានសម្រាកគយគន់ទេសភាពផ្ទៃសមុទ្រ ជួរភ្នំ និងកោះជាដើម។ ពេលនេះ ខេត្តកែបមានការអភិវឌ្ឍច្រើន ពិសេសតំបន់កម្សាន្តឆ្នេកែបដោយបាន និងកំពុងរៀបចំយ៉ាងស្រស់ស្អាត ហើយទាក់ទាញជាងមុន។
ម្ចាស់មជ្ឈមណ្ឌលកម្សាន្តខ្សែរ៉កដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឆ្នេរកែបបានរៀបរាប់ថា គម្រោងវិនិយោគបែបទំនើបទាំងមូលរបស់លោកបានបញ្ចប់៨០ភាគរយហើយ ពោលគឺនៅតែការដ្ឋានខ្សែររ៉កប៉ុណ្ណោះដែលនឹងត្រូវធ្វើឱ្យរួចរាល់មុនពិធីបុណ្យសមុទ្រចូលមកដល់។ មជ្ឈមណ្ឌលកម្សាន្តនេះបានបើកដំណើរការសាកល្បងចាប់តាំងពីឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ហើយភ្ញៀវមានការពេញចិត្ត និងគាំទ្រច្រើន។
លោក ខេង យ័ន អភិបាលក្រុងកែបបានបញ្ជាក់ថា គម្រោងកែលម្អសោភ័ណក្រុង និងឆ្នេរកែបមានច្រើន ដោយអាជ្ញាធរកំពុងមមាញឹកដើម្បីធ្វើឱ្យសម្រេចរួចរាល់ទាន់ពេលវេលាកំណត់។ លោកបានបន្តថា នៅពេលគម្រោងទាំងនេះបានបញ្ចប់ ខេត្តកែបនឹងទាក់ទាក់ភ្ញៀវកាន់តែច្រើន ពិសេសមជ្ឈមណ្ឌលកម្សាន្តខ្សែរ៉ក ដែលជាទីតាំងអភិវឌ្ឍថ្មី មានកន្លែងអង្គុយយកខ្យល់សមុទ្រ និងខ្សែរ៉កជិះកាត់សមុទ្រប្រវែង៦៣០ម៉ែត្រនោះ៕ P / N