ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពងឆ្នាំង រួមដំណើរដោយនាយក នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យការសា្ថបនាផ្លូវកៅស៊ូប្រភេទអេស៊ី ដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ៦ ។
លោកឧត្តមសេនីយ៍ទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ បានឱ្យដឹងថា ផ្លូវដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសាងសង់នៅក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ៦នេះ ប្រវែង១ ៩៥០ម៉ែត្រ និងលូបង្ហូទឹកប្រវែង៦០០ម៉ែត្រជាប្រភេទផ្លូវ AC ។មកដល់ពេលនេះ ផ្លូវកៅស៊ូអ៊ុតរួចប្រវែង៤០៣ម៉ែត្រ និងកំពុងអ៊ុតជាបន្តទៀត ។ ដោយឡែកបានធ្វើប្រព័ន្ធលូបង្ហូរទឹកបានប្រមាណជាង៩០%។
លោក ឧត្តមសេនីយទោ តុង អាន បានឱ្យដឹងថាទៀតថា នៅសាលានគរបាលជាតិភូមិភាគ៦ កំពុងកសាងនូវសមិទ្ធផលនានាជាច្រើន ដូចជាអគារស្នាក់នៅរបស់សិស្ស គ្រូ អគារផ្ទះបាយ និង អគារសិក្សា ដែលជាអំណោយរបស់លោកអភិបាលខេត្តកណ្តាល អភិបាលរាជធានីភ្នំពេញនិង អភិបាលខេត្តកំពង់ឆ្នាំង រួមនិងសប្បុរសជននានាធ្វើឱ្យសាលានគរបាលជាតិភូមិភាគ៦ កាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់ សក្តិសមជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស របស់កងកម្លាំងនគរបាលជាតិ ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការស្ថាបនាសាលានគរបាលជាតិភូមិភាគ៦ ពិសេសអគារ និង ផ្លូវក្នុងបរិវេណសាលា ព្រមទាំងរចនាសម្ព័ន្ធនានាក្នុងទីធ្លាសាលា បានល្អប្រសើរ ៕ srn / N