ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ ទទួលបានការជឿទុកចិត្តពីពួកគាត់កាន់តែខ្លាំងឡើងនោះ ក្នុងនាមអភិបាលរាជធានីភ្នំពេញនឹងប្រើប្រាស់គ្រប់វិធានការ ដុសក្អែល តម្រង់ទិស មន្ត្រីទាំងអស់នៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានិងមានសម្លាភាព ហើយ ការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៏ជាការងារចំបង ដែលយើងទាំងអស់គ្នារួមគ្នាធ្វើផងដែរ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំការពង្រឹងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ ជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ និងសង្កាត់ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥និងស្មៀន នៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍លើកឡើងថា ការបង្កើតច្រក ចេញចូលតែមួយ យើងមានគោលបំណងតែមួយគត់ នោះគឺបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានិងមានសម្លាភាព ដូច្នេះ មន្ត្រីដែលជាប្រតិបត្តិករទាំងអស់ ត្រូវរួមគ្នាធ្វើ ដើម្បីបំរើប្រជាពលរដ្ឋ អោយបានល្អ រាប់តាំងពីពាក្យសំដីឡើងទៅ។
លោកឃួង ស្រេង បានបន្តទៀតថា ការកោះហៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ និងស្មៀន មកប្រជុំពេលនេះ គឺមានបំណងកោតសរសើរបងប្អូន ជាមន្ត្រីរបស់យើង ដែលបានបំពេញការងារបានយ៉ាងល្អជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការងារបំរើប្រជាពលរដ្ឋ រហូតទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់គ្នា ។ កិច្ចប្រជុំនេះ លោកក៏បានបំណង ណែនាំដុសក្អែល តម្រង់ទិសចំពោះមន្ត្រីរបស់យើងមួយចំនួនផងដែរ ដើម្បីអោយមន្ត្រីទាំងអស់ នៅថ្នាក់ក្រោមជាតិ អនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អ ទាន់ពេលវេលានិងមានតម្លាភាព ជាមួយនិងការរក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។
លោកបញ្ជាក់ថា នៅពេលខាងមុខនេះ លោកនិងដាក់កម្លាំងបង្កប់ជាប្រជាពលរដ្ឋ ទៅទទួលសេវា ពីមន្ត្រីរបស់យើង ដើម្បីអោយដឹងថា មន្ត្រីរបស់យើងបំរើប្រជាពលរដ្ឋបានល្អក្នុងកម្រិតណា ។ ក្នុងនាមជាមន្ត្រី ត្រូវកែប្រែឥរិយាបទពីពេលនេះទៅ ។នៅពេលមានបញ្ហា កុំថា អភិបាលរាជធានីភ្នំពេញ មិនបានណែនាំជាមុនអោយសោះ។
លោកឃួង ស្រេង បានបន្ថែមទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតិអោយមានជាដាច់ខាតនៅក្នុងផ្សារនានានៅក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ ក៏មិនអោយមានដែរ ហើយ បើរកឃើញថា នៅក្នុងផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕ P / N