ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន បានប្តេជ្ញាចិត្តសាជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហ ប្រតិបត្តិការ ដែលកំពុងលូតលាស់ រវាងប្រទេសទាំងពីរ និងបានសម្តែងការពេញចិត្ត ចំពោះកំណត់ត្រាដ៏ល្អប្រសើរ នៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូ ទ្វេភាគី ដែលត្រូវបានលើកកម្ពស់បន្ថែមទៀត ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ។

ការប្តេជ្ញារបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេសកម្ពុជា និងជប៉ុន នៅក្នុងជំនួបពិភាក្សា ការងារ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហការ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងកិច្ចខិតខំ ប្រឹងប្រែង ក្នុងវិស័យដោះមីន។ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបន្ថែមទៀត នូវវត្តមានធុរកិច្ចជប៉ុន នៅកម្ពុជា និងជំរុញឱ្យដំណើរការឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានកត់សម្គាល់ ដោយការ ពេញចិត្ត ចំពោះការរីកលូតលាស់ នូវកិច្ចសហ ប្រតិបត្តិការក្នុងវិស័យការពារជាតិ រួមទាំងការចូលចតនាវាជើងទឹកតាមកំពង់ផែ។

តាមសំណើរបស់ភាគីកម្ពុជា លោក តាកេ ហ្ស៊ឺនសឹកិ បានបញ្ជាក់ជាថ្មី ពីការបន្តការគាំទ្រ របស់ប្រទេសជប៉ុន ចំពោះការអភិវឌ្ឍធនធានមនុស្ស ដំណើរការឡើងវិញនូវកម្មវិធី ស្តីពីការយល់ដឹង អំពីដំណើរការប្រជាធិបតេយ្យពហុបក្ស សម្រាប់អ្នកនយោបាយកម្ពុជា វ័យក្មេង ប្រតិបត្តិការបោសសម្អាតមីន ព្រមទាំងការបញ្ជូនអាជ្ញាកណ្តាល ចំនួន ៤០ រូប មកជួយកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម លើកទី៣២ នៅខែឧសភា ខាងមុនេះ ផងដែរ។

លោក អ៊ុច បូរិទ្ធ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ ការគាំទ្រថ្លៃថ្លា និងជំនួយដ៏សប្បុរស ដើម្បីជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ កម្ពុជា រួមទាំងជំនួយសម្រាប់ការឆ្លើយតប ទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបាន ស្វាគមន៍ ចំពោះការពិចារណារបស់ រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញ និងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញលូ ក្នុងរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិ នៅក្នុងខែកក្កដា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយដែលឆ្លុះបញ្ចាំងពីឆន្ទៈ របស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមក លើបញ្ហាតំបន់ ដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការត្រីភាគី ក្នុងវិស័យដោះមីនស៊ីវិល ក្នុងគោលបំណងមនុស្សធម៌។

បន្ទាប់ពីជំនួបពិភាក្សាការងារ រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ និង រដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ លិខិតប្ដូរសារនេះ គឺជាការធ្វើវិសោធនកម្ម ទៅលើចំនួនទឹកប្រាក់ ដែលបានចែង នៅក្នុងលិខិតប្ដូរសារមុន ដែលបានចុះហត្ថលេខារួច កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២៕ V / N