​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​កុម្ភៈ​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​កម្ចាត់​រុស្ស៊ី​នៅ​ឆ្នាំ​នេះ ខណៈ​រថក្រោះ Leopard​ក្រុម​ដំបូង​​បាន​មក​ដល់​អ៊ុយ​ក្រែន​ក្នុង​ថ្ងៃ​ខួប​នៃ​ការចាប់ផ្តើម​ជម្លោះ​ដ៏​ធំ​បំផុត​នៅ​ទ្វីបអឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​

​ការតវ៉ា​តាម​ដងផ្លូវ​បាន​ធ្វើឡើង​នៅក្នុង​រដ្ឋធានី​អឺរ៉ុប​ជាច្រើន​ប្រឆាំងនឹង​សកម្មភាព​របស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុ​យក្រែន ដើម្បី​ប្រារព្ធ​ខួប​សង្គ្រាម​និង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​បស្ចិម​ប្រទេស​បាន​កំណត់​​គោលដៅ​លើ​រុស្ស៊ី​ជាថ្មី ជាពិសេស​ធនាគារ ឧស្សាហកម្ម​យោធា និង​ការចូល​ប្រើប្រាស់​បន្ទះ​ឈីប​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​នៅ​ពិធី​ប្រារព្វ​ខួប​មួយ​ឆ្នាំ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​លោក​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​កុម្ភៈ​នៅ​ទីក្រុង​គៀវ​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង​ប្រាំពីរ (G7)​បាន​គំរាម​ដាក់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​រុស្ស៊ី​ជាមួយ “​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​”​។​

​នាយករដ្ឋមន្ត្រី ម៉ា​ទូ​ស ម៉ូ​រ៉ាវី​ក​គី (Mateusz Morawiecki) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​គី​វ បាន​និយាយថា​ប៉ូឡូញ​បាន​បញ្ជូន​រថក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់​ទៅ​ជួយ​អ៊ុយ​ក្រែន​វា​យ​​ទាហាន​រុស្ស៊ី និង​ផ្តល់ “​សញ្ញា​ច្បាស់លាស់​និង​អាច​វាស់វែង​បាន​នៃ​ការគាំទ្រ​បន្ថែម​ទៀត​”​។​

​លោក​ម៉ូ​រ៉ាវី​ក​គី​បាន​និយាយថា ប៉ូឡូញ​នឹង​បញ្ជូន​រថក្រោះ​បន្ថែម​ក្នុងពេល​ឆាប់ៗ ដោយ​ផ្តល់​ការបណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែន​ឱ្យ​ហោះហើរ​យន្តហោះ​ចម្បាំង F16​ខណៈ​សម្ពន្ធមិត្ត​លោក​​ខាងលិច​បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ​ឥត​ងាករេ​របស់​ពួកគេ​។​

​រុស្ស៊ី​នៅតែ​រឹងទទឹង​ដដែល ដោយ​អតីត​ប្រធានាធិបតី​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) បាន​ទទូចថា​ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រុញច្រាន​ការវាយលុក​របស់ខ្លួន “​ទៅ​ដល់​ព្រំដែន​ប៉ូឡូញ​”​។​

​ភាព​តានតឹង​ក៏​កំពុង​កើត​ឡើង​ផងដែរ​នៅតាម​ព្រំដែន​អ៊ុយ​ក្រែន​ជាមួយ​ម៉ុល​ដាវី ខណៈ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​គៀវ​កំពុង​រៀបចំ​ផែនការ​វាយលុក​តំបន់​ដាច់ស្រយាល ត្រាន​ស្នី​សទ្រា (Transnistria) ហើយ​បាន​សន្យាថា​នឹង​ឆ្លើយតប​។ ម៉ុល​ដាវី​បាន​បដិសេធថា​គ្មាន​ការគំរាមកំហែង​ពី​អ៊ុយ​ក្រែនទេ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា លោក​គ្រោង​នឹង​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បន្ទាប់​ពី​ការចេញផ្សាយ​ឯកសារ​គោល​ជំហរ​ចំនួន ១២ ចំណុច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ ដែល​រួម​មាន​ការអំពាវនាវ​ឱ្យ​មាន​ការចរចា​សន្តិភាព និង​សម្រាប់​ការគោរព​អធិបតេយ្យភាព​ដែន​ដី​ទាំងអស់​។​

​លោក​ហ្សេ​លេន​ស្គី​បាន​កត់សម្គាល់​ថា ឯកសារ​របស់​ទីក្រុង​ប៉េកាំ​ង​បាន​លេចឡើង​ដើម្បី​បង្ហាញថា “​មាន​ការគោរព​ចំពោះ​បូរណភាព​ទឹកដី និង​បញ្ហា​សន្តិសុខ​របស់​យើង​”​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ៊ុ​យក្រែន “​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួលបាន​ជ័យជម្នះ​នៅ​ឆ្នាំនេះ​”៕

​ប្រជាជន​នៅ​ប៊ូ​ឆា​ចូលរួម​ស្មឹង​ស្មា​ត​រំលឹក​ខួប​សង្គ្រាម​