ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ហេតុការណ៍អាក្រក់កើតមានចំពោះអ្នកដំណើរ៣៣៥នាក់នៅក្នុងជើងហោះហើរក្នុងស្រុកមួយនៃក្រុមហ៊ុនJapan Airlines (JAL)។
ពួកគេត្រូវធ្វើដំណើរ២ម៉ោងចេញពីអាកាសយានដ្ឋានHaneda International Airportក្នុងទីក្រុងតូក្យូ តែបែរជាត្រូវចំណាយពេលអស់១៦ម៉ោងក្រោយពីអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិក្រុងហ្វ៊ុយគូអូកា(Fukuoka International Airport)បដិសេធមិនអោយយន្តហោះចុះដោយសារតែមកដល់យឺតជាងម៉ោងកំណត់បិទអាកាសយានដ្ឋាន១០នាទី។
ក្រុងតូក្យូនិហហ្វ៊ុយគូអូកានៅផ្នែកម្ខាងៗនៃប្រទេស នៅចម្ងាយពីគ្នាប្រមាណ៨៨៥គីឡូម៉ែត។
កាលពីថ្ងៃ១៩កុម្ភៈ យន្តហោះក្នុងក្រុមហ៊ុនJALក្នុងជើងហោះហើរលេខJL 331ត្រូវចាកចេញនៅម៉ោង៦:៣០ល្ងាចពីទីក្រុងតូក្យូនិងចុះនៅគោលដៅរបស់ខ្លួននៅម៉ោង៨:៣០យប់ក្នុងថ្ងៃដដែល តែយន្តហោះបែរជាចេញដំណើរនៅម៉ោង៨:១៨នាទី។
ទោះជាយ៉ាងណា សារព័ត៌មានខ្លះដូចជាBBCនិងប្លូមប៊ឺក( Bloomberg)បាននិយាយថា យន្តហោះបានពន្យារពេល៩០នាទីដោយសារតែដូរយន្តហោះ។
កាសែតក្នុងស្រុកអាសាហ៊ី ស៊ីមប៊ុន(Asahi Shimbun )បានរាយការណ៍ថាក្រុមហ៊ុនអាកាសចរណ៍JALកំពុងស៊ើបអង្កេតថាហេតុអ្វីបានជាការចេញដំណើរត្រូវបានពន្យារពេល។
យន្តហោះបានយឺតតែប៉ុន្មានាទីពីម៉ោងត្រូវអនុញ្ញាតអោយចុះចតនៅអាកាសយានដ្ឋានFukuoka International Airportតែវាត្រូវអាជ្ញាធរអាកាសយានមិនអោយចុះដោយសារតែហួសម៉ោងកំណត់របស់អាកាសយានដ្ឋាន។សូមបញ្ជាក់ថា យន្តហោះត្រូវហាមចុះចតនៅអាកាសយានដ្ឋាននេះក្រោយម៉ោង១០យប់ដោយសារតែសម្លេងរំខានដល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់។
សារព័ត៌មានBBCបានរាយការណ៍ថាយន្តហោះបានហោះក្រឡឹងក្នុងអាកាសរហូតទាល់តែវាអាចស្វែងរកបានអាកាសយានដ្ឋានណាមួយដែលអនុញ្ញាតអោយវាចុះ។យន្តហោះនេះដំបូងប្រុងចុះនៅអាកាសយានដ្ឋានមួយនៅក្រុងគីតាគ្យូស៊ូ(Kitakyushu)ក្បែរក្រុងហ្វ៊ុយគូអូកា តែអាជ្ញាធរនៅទីនោះមិនអនុញ្ញាតដោយសារមិនមានរថយន្តក្រុងនាំអ្នកដំណើរទៅកាន់សណ្ឋាគារ។
យន្តហោះបន្ទាប់មកបានហោះត្រឡប់ទៅអាកាសយានដ្ឋាន Haneda International Airportនៅក្រុងតូក្យូវិញ។នៅម៉ោង១១យប់ ថ្ងៃដដែលយន្តហោះបានចុះចាក់សាំងនៅអាកាសយានដ្ឋានកាន់សាយ(Kansai Airport)និងពិនិត្យម៉ាស៊ីន ហើយបានបន្តដំណើរនៅម៉ោងប្រមាណ១:៤៥នាទី រំលងអធ្រាតនៅថ្ងៃ២០កុម្ភៈ។អ្នកដំណើរមិនអាចចាកចេញពីយន្តហោះ ដោយសារតែសណ្ឋាគារមិនបានត្រៀមទទួលពួកគេ។
នៅទីបំផុតយន្តហោះបានចុះចត្តនៅអាកាសយានដ្ឋានHaneda International Airportនៅម៉ោង២:៥០ ព្រឹកថ្ងៃ២០កុម្ភៈ ហើយអ្នកដំណើរបានស្នាក់នៅសណ្ឋាគារមួយរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ក្រោយការចុះចតនៅក្រុងតូក្យូ។ពួកគេក្រោយមកបានចាកចេញពីតូក្យូទៅកាន់អាកាសយានដ្ឋានក្រុងហ្វ៊ុយគូអូកាជាថ្មីនៅម៉ោង១០:២០ព្រឹកក្នុងថ្ងៃ២០កុម្ភៈ។
ក្រោយចុះចត អ្នកដំណើរម្នាក់បាននិយាយថា«សំណាងហើយយន្តហោះមិនធ្លាក់»៕
ក្រុមហ៊ុនអាកាសចរណ៍JALបានសុំទោសចំពោះការលំបាកដល់អ្នកដំណើរនិងចេញថ្លៃស្នាក់នៅសណ្ឋាគារនិងការដឹកជញ្ជូនដល់អ្នកដំណើរទាំងអស់