ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវ នាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួង កំពុងខិតខំធ្វើ ពិពិធកម្មទីផ្សារ បន្ថែមលើទីផ្សារ ដែលមានស្រាប់។

នៅក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ក្នុងឱកាសយុទ្ធនា ការ ទិញផលិតផលខ្មែរ រដូវកាលទី៨ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ លោករដ្ឋមន្រ្តី បានលើកឡើងថាៈ កន្លងមក និងពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារ បន្ថែមលើទីផ្សារ ដែលមានស្រាប់ តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់ នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី ជាមួយដៃគូពាណិជ្ជកម្ម នានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជា កាន់តែទូលំ ទូលាយ។

តាមរយៈយុទ្ធនាការទិញផលិតផលខ្មែរនេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាៈ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មរបស់ ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូល ពីបរទេសជាជំហានៗ។

តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ចំនួន ៧ រដូវកាល កន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ ផលិតកម្មក្នុងស្រុក ជាបណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួន បម្រើឱ្យទីផ្សារ។ ជាលទ្ធផល យើងសង្កេតឃើញថា ផលិតផលខ្មែរ មានវត្តមាន នៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញ ក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខ ទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបាន សម្រាប់អ្នកប្រើប្រាស់ទូទៅ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានធ្វើការប្រៀបធៀប ផលិតផលកម្ពុជា ជាមួយផលិត ផលរបស់បរទេស ដែលកំពុងធ្វើចរាចរ នៅលើទីផ្សារ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារ សកល ឃើញថា ការការរីកចម្រើនរបស់ផលិតផលខ្មែរ នៅមានកម្រិតនៅឡើយ។

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំ បង្កើតគំនិតច្នៃប្រឌិតថ្មីៗ បន្ថែមទៀត និងរៀបចំទំនិញ សម្រាប់បម្រើទីផ្សារ ដោយអនុលោម តាមគោលការណ៍ “ភក្តីភាពចំពោះពាណិជ្ជកម្ម” គឺផលិតផលត្រូវតែ មានគុណភាព មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែង ក្នុងទីផ្សារសេរីបាន។

សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីរួមខេត្តសៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្ត ចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុក ចូលរួមចំនួនជាង ១០០ ។ ក្នុងអំឡុងពេលនេះដែរ ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំព្រឹត្តិការណ៍ អមមួយចំនួន ទៀតផងដែរ ដូចជា ការចម្អិនម្ហូបអាហារខ្មែរ កម្មវិធីសិក្ខាសាលា ស្តីពីការកំណត់ អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា កម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីបន្លែសុវត្ថិភាព សម្រាប់កុមារ និងការលេងសិល្បៈខ្មែរកំដរ ក្នុងពេលរាត្រី ផងដែរ៕/V/r