ដោយ: សុផល / ភ្នំពេញ: រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុប ចំនួន ៨៤៣.៩៤៦ ដុល្លារអាមេរិក ដល់ស្តាប័នទទួលជំនួយចំនួន ៣ ក្រោមគ្រោងការណ៍ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន។
គម្រោងទាំងបីនេះ រួមមាន៖ ១. ថវិកាចំនួន ១១០,០៣៥ ដុល្លាអាមេរិក សម្រាប់គម្រោងការសម្រេចឱ្យបាននូវបរិស្ថាន រស់នៅប្រកបដោយចីរភាព របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំ ការយល់ដឹង អំពីបញ្ហាបរិស្ថាន (ឆ្នាំទី៣) ។ ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ ចំណេញ Nature Center Risen។
២. ថវិកាចំនួន ២៦៣.៦៥៦ ដុល្លារ សម្រាប់គម្រោងលើកកម្ពស់ការសិក្សាបំប៉នបន្ថែម សម្រាប់សាលាបឋមសិក្សា នៅតំបន់ដាច់ស្រយាល ក្នុងប្រទេសកម្ពុជា។ សា្ថប័នទទួល ជំនួយគឺអង្គការសន្តិស្ម័គចិត្ត (SVA)។
៣. ថវិកាចំនួន ៤៧០.២៥៥ ដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សា អប់រំគ្រូបង្រៀន អប់រំកាយ មានគុណភាព រយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេក វិទ្យាពត៌មាន និងសារគមនាគមន៍ (ឆ្នាំទី១) ស្ថាប័នទទួលជំនួយ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ។
កិច្ចសន្យាផ្ដល់ជំនួយ នឹងត្រូវចុះហត្ថលេខា ដោយលោក អ៊ូអ៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ ទាំងបីខាងលើ នៅស្ថានទូតជប៉ុន៕/V/r