ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងខណៈដែលទីក្រុងប៉ារីស ប្រទេសបារាំង បានទទួល សិទ្ធិធ្ចើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអូឡាំពិក នាឆ្នាំ២០២៤ នោះ ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ រត់បណ្ដាក់ជាលក្ខណៈមហាជន ក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ដើម្បីអបអរការបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ។

ថ្មីៗនេះ អ្នកស្រី Elea Beraud តំណាងស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សា ជាមួយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ស្ដីពីការរៀបចំព្រឹត្តិការណ៍នេះ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។

តាមការគ្រោងទុក ព្រឹត្តិការណ៍នេះ មានអ្នករត់មកពីប្រទេសបារាំង ពលរដ្ឋកម្ពុជា យុវជន និងសិស្សានុសិស្សកម្ពុជា កីឡាករអាជីព និងមិនអាជីព ប្រមាណជាង ២០០ នាក់ ចូលរួម។ នេះគ្រាន់តែជាការប្រកួត ដើម្បីអបអរ និងការកំសាន្ដសប្បាយ តែប៉ុណ្ណោះ ព្រោះអ្វីៗ មិនគិតធ្ងន់ទៅលើការចាញ់ ឈ្នះនោះទេ ៕/V/r