ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អ្នកកាសែតឯករាជ្យ លោក មៀរ អាលី កូសឺ (Mir Ali Koçer) បានស្ថិតនៅឆ្ងាយពីចំណុចរញ្ជួយដីប្រមាណ ៣២១គីឡូម៉ែត្រនៅពេលតួកគីត្រូវបានវាយប្រហារដោយរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ ដោយចាប់យកកាមេរ៉ានិងក្បាលម៉ៃក្រូហ្វូន គាត់បានបើកឡានចុះទៅតំបន់រងគ្រោះដើម្បីសម្ភាសអ្នករស់រានមានជីវិត។
គាត់បានចែករំលែករឿងរ៉ាវរបស់អ្នករស់រានមានជីវិតនិងអ្នកជួយសង្គ្រោះនៅលើ Twitter ហើយឥឡូវនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទសង្ស័យផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់បីឆ្នាំ។
គាត់គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតយ៉ាងតិចបួននាក់ដែលកំពុងត្រូវបានស៊ើបអង្កេតសម្រាប់ការរាយការណ៍ឬអត្ថាធិប្បាយអំពីរញ្ជួយដី។
ក្រុមសេរីភាពសារព័ត៌មានបាននិយាយថា អ្នកកាសែតរាប់សិបនាក់ទៀតត្រូវបានឃុំខ្លួន យាយី ឬរារាំងមិនឱ្យរាយការណ៍។
យ៉ាងហោចណាស់មនុស្ស ៥០.០០០ នាក់បានស្លាប់នៅពេលរញ្ជួយដីបានវាយប្រហារទាំងប្រទេសតួកគីនិងស៊ីរី។
អាជ្ញាធរតួកគីមិនបានធ្វើអត្ថាធិប្បាយជុំវិញការឃុំខ្លួននេះទេ៕
អ្នកកាសែតឯករាជ្យ លោក មៀរ អាលី កូសឺ កំពុងត្រូវបានឃុំខ្លួននិងស៊ើបអង្កេតជុំវិញការសង្ស័យផ្សាយព័ត៌មានក្លែងក្លាយអំពីរញ្ជួយដី