ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​កាលពី​ថ្ងៃ​សុក្រ ទី​២៤​កុម្ភៈ​ចំ​ខួប​មួយ​ឆ្នាំ​នៃ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុ​យក្រែន បាន​អំពាវនាវ​អោយមាន​កិច្ច​ពិភាក្សា​រក​សន្តិភាព​ជាបន្ទាន់ និង​បាន​បញ្ចេញ​ផែន​​ការ​របស់​ខ្លួន​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន តែ​មហាអំណាច​លោកខាងលិច​ជាច្រើន​បាន​ច្រាន​ចោល​សំណើ​ទាំងនេះ ហើយ​បែរជា​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កុំអោយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​​ពេក​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​

​ក្នុងពេល​ជាមួយគ្នា អង្គការសហប្រជាជាតិ​បាន​សម្តែង​ការ​សុទិដ្ឋិនិយម​បែប​ប្រយ័ត្នប្រយែង​ចំពោះ​សំណើ​របស់​ចិន ជា​ពិសេស​អំពី​ការអំពាវនាវ​ក្នុង​ឯកសារ​អោយ​បញ្ចៀស​ការប្រើ​សព្វាវុ​ធ​នុយក្លេអ៊ែរ​។​

​រុស្ស៊ី​បាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេ​ស្គី បាននិយាយថា រដ្ឋាភិបាល​ទីក្រុង​គៀវ​ចាំបាច់​«​ធ្វើការ​ជាមួយ​ចិន​»​អំពី​មធ្យោបាយ​បញ្ចប់​​សង្គ្រាម​ចំណាស់​មួយឆ្នាំ​មកនេះនៅក្នុងប្រទេសលោក។​

​លោក​ហ្សេ​ឡេន​ស្គី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​មាន​ផែនការ​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ក្រោយ​ពី​រដ្ឋាភិបាល​ចិន​អំពាវនាវ​អោយ​មាន​កិច្ច​ពិភាក្សា​រក​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​​អ៊ុ​យក្រែន ដោយ​លោក​បាន​និយាយថា​«​វា​សំខាន់​សំរាប់​សន្តិសុខ​របស់​ពិភពលោក​»​។​

​ហ្សេ​ឡេន​ស្គី ចង់​ជួប​ស៊ី ជីន​ភីង ក្រោយ​ចិន​ចេញ​ផែនការ​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​អ៊ុ​យក្រែន​

​ឯកសារ​១២​ចំណុច​របស់​ចិន អំពាវនាវ​អោយ​មាន​«​ដំណោះស្រាយ​នយោបាយ​»​មួយ​ចំពោះ​វិបត្តិ​នេះ ក្រោយ​មាន​ការចោទប្រកាន់​ពី​លោក​ខាងលិច​ថា​ចិន​កំពុង​ពិចារណា​ផ្តល់​សព្វាវុធ​ដល់​រុស្ស៊ី ជាការ​ចោទ​​ប្រកាន់​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ច្រានចោល និង​ចាត់ទុកថា​ជា​រឿង​មិន​ពិត​។​

​ចេញ​ចំ​ខួប​មួយ​ឆ្នាំ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ឯកសារ​នេះ​អំពា​វនាវ​«គ្រប់ភាគី​គាំទ្រ​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ធ្វើការ​ក្នុងទិសដៅ​រួមគ្នា​និង​បន្ត​ការចរចា​ដោយផ្ទាល់​អោយបាន​ឆាប់​តាម​​លទ្ធភាព​អាច​ធ្វើបាន​»​។​

​វា​ក៏​បញ្ជាក់​ច្បាស់​អំពី​ការប្រឆាំង​ការមិន​ត្រឹម​តែ​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ តែ​ក៏​ប្រឆាំង​ការ​គំរាម​បញ្ជូន ​ដាក់តាំង​និង​ប្រើ​វា​ផងដែរ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន បាន​គំរាម​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​​ក្នុង​ជម្លោះ​នេះ​។​

​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ខ្លួ​ន​អោយ​តំលៃ​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ តែ​ថា​ដំណោះស្រាយ​ណាមួយ​គួរ​ទទួល​ស្គាល់​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​វិមាន​ក្រឹម​​ឡាំង​លើ​តំបន់​អ៊ុ​យក្រែន​(​ឬ​ទឹកដី​រុស្ស៊ី​ថ្មី​)​ចំនួន​បួន​។​

​ទោះជា​យ៉ាងណា ឯកសារ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ជួប​ការ​មិន​មាន​ជំនឿ​ភ្លាម​ពី​បណ្តា​សម្ពន្ធមិត្ត​អ៊ុយ​ក្រែន​ដោយ​ប្រធាន​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក និយាយថា រដ្ឋាភិបាល​ទីក្រុង​​ប៉េកាំង​«​មិនមាន​ក្រេ​ឌី​ត​(​ជំនឿ​ទុកចិត្ត​)​ច្រើន​ទេ​ដោយសារតែ​ខ្លួន​មិន​បាន​ថ្កោលទោស​ការឈ្លានពាន​ខុស​ច្បាប់​នៅ​អ៊ុ​យក្រែន​»​។​

​ចំណែក​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​ប្រាប់​សារព័ត៌មាន​ABC​កាលពី​ថ្ងៃ​សុក្រ​ថា «​ពូ​ទីន​អបអរ​វា បើ​ដូច្នេះ​អោយ​វា​ល្អ​ម៉េច​ទៅ​។​ខ្ញុំ​មិន​រំពឹង​ថាមាន​គំនិត​ផ្តួចផ្តើម​ណាមួយ​របស់​ចិន​ដើម្បី​ផ្តល់​​សព្វាវុធ​ដល់​រុស្ស៊ី​ទេ​។​យើង​បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដល់​នរណា​ដែល​បាន​ធ្វើ​ដូច្នេះ​»​។

​រីឯ​ប្រធានាធិបតី​អាល្លឺម៉ង់​បាន​និយាយ​ថា​ទោះជា​«​យើង​តែង​ផ្តល់​ការស្វាគមន៍​ចំពោះ​គ្រប់​សំណើ​បែប​ស្ថាបនា​ដែល​នាំ​យើង​នៅលើ​ផ្លូវ​ឆ្ពោះទៅ​កាន់​សន្តិភាព​ពិត​មួយ​…​តែ​ការ​ដែល​មហាអំណាច​ចិន​ចង់​ដើរតួនាទី​បែប​ស្ថាបនា​មួយ​ដូច្នេះ​ វានៅក្នុង​ការ​មន្ទិល​នៅឡើយ​»​។​

​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េកាំង ពួក​អ្នកការទូត​អ៊ុយ​ក្រែ​ន​និង​សហភាព​អឺរ៉ុប បាន​អំពាវនាវ​អោយ​ចិន​គាបសង្កត់​រុស្ស៊ី​ខ្លាំង​ឡើង​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។​ហ្ស​ក តូ​ឡេ​ដូ​(Jorge Toledo)​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ចិន បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​«​មាន​ការទទួលខុសត្រូវ​ពិសេស​»​មួយ​ក្នុងនាម​ខ្លួន​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​​ជាតិ ដើម្បី​រក្សា​ការពារ​សន្តិភាព​។​

​នៅ​អង្គការ​សហប្រជាជាតិ អ្នក​នាំ​ពាក្យ​របស់​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​និយាយថា​«​ខ្ញុំ​គិតថា ការអំពាវនាវ​អោយ​ជៀសវាង​ការប្រើ​នុយក្លេអ៊ែរ​មាន​សារសំខាន់​ជា​ពិ​​សេស​ខ្លាំងណាស់»​។​

​ក្រុម​មេដឹកនាំ​G7​កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​ព្រមាន​ប្រទេស​នានា​ថា​ពួកគេ​នឹង​ជួប​«​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​»​បើសិនជា​ពួកគេ​នៅ​បន្ត​ជួយ​រុស្ស៊ី​អោយ​គេចវេស​ទណ្ឌកម្ម​អន្តរជាតិ​៕