ដោយៈ ប.ខុន / ភ្នំពេញៈ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសកម្ពុជា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ខ្លាំង ពីប្រទេសចិន ធ្វើឱ្យមានខ្យល់បក់បោកខ្លាំង រហូតជិត ២០ ម៉ែត្រក្នុងមួយវិនាទី នៅភ្នំពេញ ព្រមពេលជាមួយគ្នានេះ សីតុណ្ហភាព ក៏នឹងទាបជាងពេលនេះពី ២ ទៅ ៣ អង្សាសេដែរ នៅតំបន់ខ្ពង់រាប នាពេលយប់ និងពេលព្រឹក។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៣ថាៈ ក្នុងអំឡុងពេលពីថ្ងៃនេះ (២៥ កុម្ភៈ) ដល់ថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ខ្លាំង ពីប្រទេសចិន ធ្វើឱ្យមានខ្យល់បក់បោកខ្លាំង នៅតំបន់ខ្លះ ជាពិសេសលើលំហសមុទ្រ។
សម្រាប់នៅភ្នំពេញ ខ្យល់មានល្បឿនជិត ២០ ម៉ែត្រ ក្នុងមួយវិនាទី ដែលធម្មតា ជាមធ្យម មានល្បឿនត្រឹមពី ៣ ទៅ ៥ ម៉ែត្រ ក្នុងមួយវិនាទីប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ព្រមពេលជាមួយនឹងខ្យល់មូសងឦសាន បក់បោកខ្លាំងនេះសីតុណ្ហភាព នៅតំបន់ខ្ពង់រាប ក៏នឹងចុះទាបជាងពេលនេះ ពី ២ ទៅ ៣ អង្សាសេ នៅពេលយប់ និងព្រឹក។ ស្ថានភាពធាតុអាកាស នឹងវិលត្រឡប់មករកភាពធម្មតាវិញ នៅក្រោយថ្ងៃទី២៨ ខែកុម្ភៈ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈថា ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលនេះ ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ធ្វើឱ្យសីតុណ្ហភាព អប្បបរមា ចុះទាបបំផុតត្រឹមរង្វង់ ១៩ អង្សាសេ សីតុណ្ហភាព អតិបរមា ខ្ពស់បំផុត ក្នុងរង្វង់ ៣៤ អង្សាសេ និងអាចមានភ្លៀងធ្លាក់មិនស្មើតិចតួច នៅគ្រប់តំបន់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា ស្ថានភាពបែបនេះ ធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាព អប្បបរមា ពី ២០ ទៅ ២២ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦ និង ២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២ ទៅ ៣ អង្សាសេ នៅវេលាព្រឹក និងយប់ ។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ នៅថ្ងៃទី២៦ និង ២៧ ខែកុម្ភៈ សីតុណ្ណភាព អប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ៣ ទៅ ៤ អង្សាសេ នៅវេលាព្រឹក និងយប់ លាយឡំនឹងខ្យល់បក់ ក្នុងកម្រិតមធ្យម។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២០ ទៅ ២២ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេនិងអាចមានភ្លៀងធ្លាក់តិចតួច៕/V/r