សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨

1184
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្តេជ្ញា​យក​ដើមទ្រូង​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេស​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ជា​ប្រមុខ​គណបក្ស​ប្រជាជនកម្ពុជា​​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ឲ្យ​ត្រៀមខ្លួន​ទៅ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី ២៩ ខែ កក្កដា ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​សង្កត់ធ្ងន់​ផងដែរ​ថា​ការចូលរួម​បញ្ចេញ​សំឡេង​តាម​ការបោះឆ្នោត​​គឺ​បង្ហាញ​អំពី​ការ យកចិត្តទុកដាក់ ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​ដើម្បី​ជ្រើសតាំង​មន្ដ្រី​តំណាងរាស្ដ្រ តាមបែប​លទ្ធិប្រជាធិបតេយ្យ ។ បោះឆ្នោត​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ការសម្រេច​ជោគវាសនា​ប្រទេសជាតិ​យើង​ទាំងមូល​។ សម្តេច​បាន​ប្តេជ្ញា​យក​ដើមទ្រូង​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា មិនអោយ​មាន​អ្វី​មក​បៀតបៀន​បានឡើយ ៕

*​សម្តេច​ចក្រី​ដាស់តឿន​មន្ត្រី​មូលដ្ឋាន​កុំឱ្យ​ក្រអឺតក្រទម​ដាក់​ប្រជាពលរដ្ឋ​

​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាស់តឿន​ដល់​មន្ត្រី​នៅ​មូលដ្ឋាន ត្រូវ​លើកកម្ពស់​មនសិកា​ស្នេហា​ជាតិ​ខ្ពស់ គោរព​ស្រឡាញ់​ប្រជាជន ដោយ​មិន​រើសអើង និង​បម្រើ​ប្រជាជន​ដោយស្មោះ​ត្រង់​ឥត​លក្ខខណ្ឌ ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស បន្តសកម្មភាព​ចិញ្ចឹម​ចលនា​ចុះជួយ​មូលដ្ឋាន​ឲ្យ​បាន​ខ្លាំងក្លា ខិតខំ​ពង្រឹងគុណភាព និង​ពង្រីក​បរិមាណ​សមាជិក​បក្ស​តាម​គោលការណ៍ «​រក្សា​ចាស់ បង្កើត​ថ្មី និង​សមាជិក​មួយរូប សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​មួយ​សំឡេង​» ជាពិសេស​ត្រូវ​ជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ឲ្យ​បាន គ្រប់ៗ​គ្នា ៕

* ក្រសួងយុត្តិធម៌​ច្រានចោល​ព័ត៌មាន​រៃអង្គាសប្រាក់​ក្នុង​រូបភាព​ដាក់​ខែ​តាម​សាលាជម្រះក្តី​

​ក្រសួង យុត្ត​ធម៌​បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​លេច​ឮថា​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ​និង​សាលាដំបូង​ខេត្ត​មួយចំនួនទៀត​មានការ​រៃអង្គាសប្រាក់​ពី មន្ត្រីរាជការ​តាម​រូបភាព​ដាក់​ខែ​យកមក​ផ្តល់​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​ឬ ខុទ្ទកាល័យ​រដ្ឋមន្ត្រី ៕

*​គ​.​ជ​.​ប ទទួលស្គាល់​អ្នកសង្កេតកា​រណ៍​ជាង​៧​ម៉ឺន​នាក់​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ចំពោះ​អ្នកសង្កេតការណ៍​បោះឆ្នោត​មកដល់ពេលនេះ អង្គការ សមាគម​ចំនួន​១០៦ ដែល​គជប បានទទួល​ស្គាល់ ក្នុងនោះ​អ្នកសង្កេតការណ៍​មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ បានទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ការទទួល​អ្នកសង្កេតកា​រណ៍​ជាតិ​មិនទាន់​បញ្ចប់​ទេ រហូតដល់​ថ្ងៃទី​១៨ ខែកក្កដា​” ៕

*​ធនាគារជាតិ​នៃ​កម្ពុជា​រំលឹក​ជាថ្មី​ម្តងទៀត​រឿង​លុយកាក់​

​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​នេះ​បានប្រកាស​រំលឹក ជាថ្មី​ម្តងទៀត​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ធនាគារជាតិ​នៃ​កម្ពុជា សូម​ជូនដំណឹង​ដល់​សាធារណជន​ទូទៅ មេត្តា​ប្រុងប្រយ័ត្ន ចំពោះ​ការឃោសនា ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ និង​ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិច​ត្រូនិក​​ដែល​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ៕

*​រយៈពេល ៦​ខែ​ឆ្នាំនេះ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ២៧ ម៉ឺន​តោន​

​របាយការណ៍ អំពី​ស្ថានភាព​នៃ​ការនាំ​ច​ញ​អង្ករ​កម្ពុជា​របស់​លេខាធិការដ្ឋាន​ច្រកចេញ ចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា រយៈពេល ៦​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ក្នុង​ឆ្នាំ​២០១៨ ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ២៧១.៥៣៧ តោន​។ ចំនួន​នេះ បាន​ថយចុះ ៥,៩​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ ក្នុង​រយៈពេល ៦ ខែ​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ២៨៨.៥៦២ តោន ៕

*​តំបន់ឆ្នេរ​នៅតែមាន​ភ្លៀង​ធ្លាក់​ជោកជាំ​និង​រលក​សមុទ្រ​ខ្ពស់ៗ​

​តំបន់​មាត់សមុទ្រ​នៅតែមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្យល់​បក់បោក​ខ្លាំង​រលក សមុទ្រ​ខ្ពស់​ដោយសារ​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​ខ្លាំង អ្នកនេសាទ​និង​អ្នកដំណើរ​តាម​សមុទ្រ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ៕

*​កម្មការិនី​នៅ​ស្រុក​ព្រៃឈរ​ជាង​៤០​នាក់​ដួលសន្លប់​ដោយ​ខ្វះ​ប្រព័ន្ធ​ខ្យល់​ចេញចូល​

​ស្ត្រី ជា​កម្មការិនី​ចំនួន ៤៦ នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ក្នុង​រោងចក្រ​ឈ្មោះ​«​ជូ​ហួយ​»​ស្ថិតក្នុង​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​េ​សៀ​ល​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្រោយពី​ទទួលដំណឹង​កើតហេតុ​ករណី​ដួលសន្លប់​ខាងលើនេះ គឺ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ចុះទៅ​កាន់​មន្ទីរពេទ្យ​បង្វែ​ក​ស្រុក​ព្រៃឈរ ជា​មន្ទីរពេទ្យ​កំពុង​ទទួល​សង្គ្រោះ​ស្ត្រី​ជា​ជនរងគ្រោះ​ខាងលើ​ដើម្បី សួរសុខទុក្ខ ៕

*​ក្រោយ​បាត់​មុខ​ពី​សិល្បៈ ធ្លាក់ខ្លួន​ទីទ័ល​ខ្លាំង ពេលនេះ តារាចម្រៀង ចាន់ សម័យ បាន​ដី​និង​លុយ​មួយ​ម៉ឺន​ដុល្លារ​

​តារាចម្រៀង ដែល​ធ្លាក់ខ្លួន​ឈឺ នឹងមាន​ជីវភាព​ក្រខ្សត់ លោក ចាន់ សម័យ ត្រូវបាន ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ប្រកាស​ផ្តល់ជូន​ដី​មួយកន្លែង ក្រោយ​ដំណឹង​ផ្សព្វផ្សាយ​ពី​ជីវភាព​រស់​មួយថ្ងៃ​រំពឹង​មួយថ្ងៃ របស់​ម្ចាស់​បទ “​សុំ​មេមាន់​មួយ​” ត្រូវបាន​ស្ថាប័ន​ពត៌មាន​ក្នុងស្រុក​ជា​ច្រើ​បាន​ចាប់អារម្មណ៍​នូវ​ដំណឹង មួយ​នេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម