​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វា​ជា​កម្មវិធី​ប្រើ​មិន​ដែល​ខាន​សម្រាប់​ជន​មាន​ឥទ្ធិពល​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​ឥឡូវនេះ​តារា​បណ្តាញ​សង្គម​អាច​ប្រើ TikTok ពី​រថយន្ត​របស់​ពួកគេ​បាន​។​

​ក្រុមហ៊ុន Mercedes-Benz បានបង្ហាញ​ផ្ទៃ​ខាងក្នុង​រថយន្ត​ថ្មី ដែល​ល្អឥតខ្ចោះ​សម្រាប់​ជន​មាន​ឥទ្ធិពល​តាម​អន​ឡាញ ដោយ​មាន​អេក្រង់​ថា​ច់​ស្គ្រីន​ខ្នាត​យក្ស កាមេរ៉ា Selfie​និង​កម្មវិធី​ភ្ជាប់​​មក​ជាមួយ​ជាច្រើន រួមទាំង TikTok ផងដែរ​។​

Mercedes-Benz បាន​ពន្យល់ថា “​អតិថិជន​អាច​ទន្ទឹងរង់ចាំ​បទពិសោធន៍​កម្សាន្ត​ដ៏​ពិសេស​នៅក្នុង​រថយន្ត​ប្រភេទ E-Class ថ្មី​”​។​

“​តន្ត្រី ហ្គេម និង​មាតិកា​ស្ទ្រី​មអាច​ទទួលបាន​នៅក្នុ​ង​រថយន្ត​នេះ​ជាមួយនឹង​អារម្មណ៍​ស្ទើរតែ​គ្រប់​រសជាតិ​ទាំងអស់​”​។​

​ផ្នែក​ខាងក្នុង​បែប​អនាគតកាល​នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ម៉ូ​ដែល Mercedes E-Class W214 ដែល​នឹង​ដាក់​លក់​នៅ​រដូវក្តៅ​នេះ​។​

​អ្នកដំណើរ​ខាងមុខ​អាច​ចូល​ប្រើ​អេក្រង់​ថា​ច់​ស្គ្រីន​ដ៏​ធំ ដែល​ពួកគេ​អាច​ជ្រើសរើស​មើល​ភាពយន្ត កម្មវិធី​ទូរទស្សន៍ ឬ​ចុច​លើ​កម្មវិធី​ផ្សេងៗ​។​

​សម្រាប់​អ្នកបើកបរ រថយន្ត​នេះ​មាន​ប្រព័ន្ធ​ការពារ​ភ្នែក​ដែល​ផ្អែកលើ​កាមេរ៉ា​កម្រិត​ខ្ពស់ ដែល​កាត់បន្ថយ​ពន្លឺ​របស់​អេក្រង់ ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការរំខាន​។​

​ថ្លែង​ទៅ​កាន់ MailOnline លោក ថម ឡេក​ហ្គេត (Tom Leggett) អ្នកឯកទេស​ខាង​បច្ចេកវិជ្ជា​យានយន្ត​នៅ​ក្រុមហ៊ុន Thatcham Research បាន​ពន្យល់​ពី​របៀប​ដែល​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកបើកបរ​ដំណើរការ​។​

​លោក​បាន​និយាយថា “​រថយន្ត Mercedes E-Class នឹង​ត្រូវបាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកបើកបរ​ចុងក្រោយបង្អស់ ដើម្បី​ការពារ​ហានិភ័យ​នៃ​ការរំខាន​ដល់​អ្នកបើកបរ​”​។​

“​កាមេរ៉ា (​ជាធម្មតា​ស្ថិតនៅក្នុង​អេក្រង់​របស់​អ្នកបើកបរ​) វិភាគ​ចលនា​ភ្នែក​របស់​អ្នកបើកបរ ហើយ​អាច​រកឃើញ​ថា​តើ​ភ្នែក​កំពុង​សម្លឹង​មើល​អេក្រង់​អ្នកដំណើរ​ខាងមុខ​ដែរ​ឬ​អត់​”​។​

“​ប្រសិនបើ​នេះ​ជា​ករណី នោះ​ពន្លឺ​អេក្រង់​របស់​អ្នកដំណើរ​នឹង​ត្រូវ​កាត់បន្ថយ ហើយ​ការព្រមាន​នឹង​ត្រូវ​លោត​ឡើង​សម្រាប់​អ្នកបើកបរ​”​។​

“​លើសពីនេះទៅទៀត អេក្រង់​បង្ហាញ​របស់​អ្នកដំណើរ​មាន ការគ្រប់គ្រង​ពន្លឺ​ទ្វេ (DLC) ដែល​ទប់ស្កាត់​មាតិកា​ធំៗ ដូចជា​ខ្សែភាពយន្ត​កុំឱ្យ​អ្នកបើកបរ​មើលឃើញ​។ នេះ​កាត់បន្ថយ​ហានិភ័យ​នៃ​ការរំខាន​អ្នកបើកបរ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត​”​។​

​ប្រសិនបើ​កម្មវិធី​ទូរទស្សន៍​ឬ​ខ្សែភាពយន្ត​មិនទាន់​គ្រប់គ្រាន់​ទេ អ្នកដំណើរ​អាច​ជ្រើសរើស​ប្រើ​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ទាំង​ប្រាំ​ដែល​ភ្ជាប់​មក​ជាមួយ​ជំនួស​វិញ គឺ TikTok, Angry Birds, Webex, Zoom ឬ Vivaldi ។​

​លោក ដេវីដ សៃ​ឌិន (David Saidden) នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ចែកចាយ​នៅ TikTok បាន​និយាយថា “​ជាមួយនឹង​កម្មវិធី​ទូរស័ព្ទ​របស់​យើង យើង​នាំមក​នូវ​ភាព​រីករាយ​ដល់​មនុស្ស​ពេញ​មួយ​ថ្ងៃ​របស់​ពួកគេ​”​។​

“​ខណៈ​យើង​មានបំណង​ពង្រីក​បទពិសោធន៍​នោះ​សម្រាប់​អ្នក​ប្រើប្រាស់​របស់​យើង យើង​ពិតជា​រំភើប​ក្នុង​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Mercedes-Benz ដើម្បី​ណែនាំ​ការកម្សាន្ត​ក្នុង​រថយន្ត​ដ៏​អស្ចារ្យ ដែល​នឹង​ផ្តល់ឱ្យ​សហគមន៍​របស់​យើង​នូវ​ឱកាស​កាន់តែ​ច្រើន​ដើម្បី​រីករាយ​ជា​មួយ​មាតិកា​ដែល​ពួក​គេ​ចូលចិត្ត​”៕

រថយន្ត Mercedes E-Class W214 ត្រៀម​ដាក់​លក់​នៅ​រដូវក្តៅ​ខាងមុខ